(ហ្សឺណែវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រាប់អោយដឹងថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃ ពុធសប្តាហ៍នេះ ចេញពីទីស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុងហ្សឺណែវថា វ៉ាក់សាំងបង្ការ COVID-19 ទាំងឡាយ អាចកាត់បន្ថយការឆ្លងមេរោគបំប្លែងខ្លួន Delta បានក្នុងរង្វង់ ៤០% ហើយ អង្គការនេះក៏បានព្រមានផងដែរ ចំពោះអ្នកកំពុងយល់ខុសថា ខ្លួនមានសន្តិសុខពេលលេញ ក្រោយ ពីបានចាក់វ៉ាក់សាំងរួចរាល់នោះ។
អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានថ្លែងថា ប្រជាជនជាច្រើនដែលបានចាក់វ៉ាក់សាំងរួច កំពុងគិតថាវ៉ាក់សាំងអាចការពារពួកគេបាន ហើយពួក គេមិនចាំបាច់ត្រូវការ អនុវត្តវិធានការការពារខ្លួនអ្វីទៀតនោះឡើយ។
អគ្គនាយក WHO រូបនេះ បានជំរុញឲ្យអ្នកដែលបានចាក់វ៉ាក់សាំងរួច នៅទូទាំងពិភពលោក ប្រកាន់ ខ្ជាប់នូវការអនុវត្តវិធានការសុវត្ថិភាព ដើម្បីចៀសវាងការឆ្លងរោគ ហើយចម្លងបន្តទៅកាន់អ្នកដទៃ។ លោក Tedros បានសង្កត់ធ្ងន់ថា មនុស្សគ្រប់គ្នាត្រូវតែយល់ដឹងអំពីឥទ្ធិពលនៃវីរុសបំប្លែងខ្លួន Delta ហើយទិន្នន័យថ្មីខាងលើនេះពិតជាបង្ហាញថា វ៉ាក់សាំងមិនមានប្រសិទ្ធភាពទាំងស្រុង ដើម្បីការពារ អ្នកមិនឲ្យឆ្លងវីរុសនេះឡើយ។
លោក Tedros បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមានការព្រួយបារម្ភចំពោះការគិតខុសអំពី សុវត្ថិភាពថា វ៉ាក់សាំងអាចបញ្ចប់ការរាតត្បាតនៃជំងឺ (COVID-19) ហើយអ្នកដែលត្រូវបានចាក់វ៉ាក់ សាំងបង្ការរួច មិនចាំបាច់ត្រូវមានការប្រុងប្រយ័ត្នទៀត។ ប្រាកណាស់, វ៉ាក់សាំងអាចជួយសង្គ្រោះ ជីវិត ប៉ុន្តែវ៉ាក់សាំងទាំងនោះ មិនអាចការពារការចម្លងបានទាំងស្រុងនោះឡើយ»។
បើតាមការប្រៀបធៀបទិន្នន័យពី WHO, នៅមុនការមកដល់នៃវីរុស Delta វ៉ាក់សាំងអាចកាត់បន្ថយ ការឆ្លងរាតត្បាត COVID-19 បានរហូតដល់ទៅ ៦០% ឯណោះ។ ក៏ប៉ុន្តែនៅពេលវីរុសបំប្លែងខ្លួន Delta នេះចាប់ផ្តើមលេចវត្តមាន និងរាតត្បាតខ្លាំងឡើង ប្រសិទ្ធភាពរបស់វ៉ាក់សាំងជារួម បានថម ថយមកនៅត្រឹម ៤០% ប៉ុណ្ណោះ៕