ខេត្តព្រះសីហនុ ៖ នៅតាមបណ្ដោយផ្លូវឆ្នេរអូរឈើទាលបានប្រារព្ធទិវា « ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ » ក្រោមអធិបតីភាពលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងមានការចូលរួមពីលោកអភិបាលក្រុង.ស្រុកមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូសិស្សានុសិស្សនិងក្រុមហ៊ុនសំរាម (KSWM) ចូលរួមយ៉ាងច្រើនកុះករនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានមានប្រសាសន៍ថា ដើម្បីធានា បាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខមាលភាពសាធារណៈយើងទាំង អស់គ្នា ចាំបាច់ត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវ ចេះវេចខ្ចប់ ញែកសំរាមតាមប្រភេទដូចជាសំណល់អាចកែច្នៃបាន (អេតចាយ)សំណល់ សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗដើម្បីប្រែក្លាយសំណល់មួយ ចំនួនឱ្យ មានតម្លៃ សេដ្ឋកិច្ច និងកាត់បន្ថយនូវបរិមាណសំណល់នៅតាមទីលាន។
តាមរយៈនេះ ក្នុងនាមមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដែលជាសេនាធិការជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់ចំណេះដឹង ជាសាធារណៈអំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពត្រូវបន្តខិតខំអនុវត្ត និងត្រូវបង្កើននូវកិច្ចខិត ខំប្រឹងប្រែងក្នុងការអប់រំ និងផ្សព្វផ្សាយគ្រប់មធ្យោបាយ និងគ្រប់រូបភាពសំដៅ លើកកម្ពស់ ចំណេះ ដឹងបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនប្រតិបត្តិមេត្រីភាពបរិស្ថាន។ ការណ៍នេះចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់គ្នា ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានសិក្សា និងសង្គមស៊ីវិល ទាំងកម្រិតជាតិ និងអន្តរជាតិ។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តបានមានប្រសាសន៍ថា ទិវាអនាម័យជាតិ២៣ វិច្ឆិកានេះប្រារព្ធ ឡើងក្នុងគោលបំណងបំផុសស្មារតី នឹងផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ ថែរក្សានិងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថានដែលជាចរន្តចលករជំរុញឲ្យមានការផ្ដើមសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់កាកសំណល់ដោយមិនបោះចោល ពាសវាលពាសកាលតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពក្នុង ក្រុងព្រះសីហនុ។ការរៀបចំទិវានេះសំដៅបញ្ជ្រាបផ្នត់គំនិតសាធារណជនគ្រប់ស្រទាប់វណ្ណៈក្នុងការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ធ្វើការអនាម័យតាមលំនៅដ្ឋាន ទីសាធារណៈ ការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ និងការដាំដើមឈើដើម្បីឱ្យមានភាពស្រស់បៃតង ប្រកបដោយផាសុខភាព។ ទន្ទឹមនឹងនោះផងដែរការផ្លាស់ប្ដូរឥរិយាបថនិងអាកប្បកិរិយារបស់មនុស្សក្នុងការប្រើប្រាស់លទ្ធផលធ្វើពីប្លាស្ទិកគឺជារឿងចាំបាច់បំផុតព្រោះការបំពុលដោយប្លាស្ទិកនឹងធ្វើការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីយើង៕