(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីការដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform) ដែលប្រើប្រាស់បានទាំងនៅលើកុំព្យូទ័រ ថេប្លេត និងទូរស័ព្ទដៃឆ្លាតវៃ ។
ក្រសួងការងារ បានបន្ដថា ប្រព័ន្ធជាតិនេះ ត្រូវបានបង្កើតឡើងដើម្បីចូលរួមដោះស្រាយការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញរបស់ សាស្រ្តាចារ្យ គ្រូបច្ចេកទេស និងសិក្ខាកាម សិស្ស និស្សិត ក្នុងអំឡុងពេលនៃការរីករាលដាល ជាសកលជំងីកូវីដ-១៩ ក៏ដូចជាបានបើកច្រកសិក្សាថ្មីបន្ថែមមួយទៀតនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
បន្ថែមពីនេះទៀត ប្រព័ន្ធជាតិនេះ
មានមាតិកាមេរៀន វីដេអូបង្រៀន ឯកសារមេរៀន
អេឡិចត្រូនិក ការស្វ័យវាយតម្លៃការសិក្សា ចំណេះដឹងទូទៅ
និងព័ត៌មានផ្សេងៗពាក់ព័ន្ធទៅនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈនៅកម្ពុជា។
សិក្ខាកាម សិស្ស និស្សិត អាណាព្យាបាល និងសាធារណជន ទាំងអស់ អាចចូលទាញយកប្រើប្រាស់កម្មវិធីនេះដែលមានឈ្មោះថា TVET E-Learning ពី Play Store, AppStore និង AppGallery ឬចូលទៅកាន់គេហទំព័រ www.tvet-elearning.com៕