ត
(វ៉ាស៊ីនតោន)៖ យោងតាមការដកស្រង់ព័ត៌មាន នាព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា យោងតាមកាសែត Financial Times និង Wall Street Journal បានចុះផ្សាយនៅដើម សប្តាហ៍នេះថា ការធ្វើតេស្តគ្រាប់មីស៊ីលលឿមជាងសំឡេង ដែលមានសមត្ថភាពហោះព័ទ្ធជុំវិញផែន ដីរបស់ចិន កាលពីខែកក្កដាកន្លងទៅនេះ គឺមានទាំងការបាញ់មីស៊ីលមួយគ្រាប់ ចេញពីយានយន្ត កំពុងចល័តក្នុងល្បឿនលឿន ដែលមិនធ្លាប់មានពីមុនមកផងដែរ។ កាសែតអាមេរិកទាំងពីរខាងលើនេះ ថែមទាំងបានសរសេរទៀតថា ការធ្វើតេស្តលើកនោះ ពិតជា បង្ហាញនូវការអភិវឌ្ឍជាយុទ្ធរបស់ចិនយ៉ាងពិតប្រាកដ ទៅលើអាវុធដែលមានសមត្ថភាព ពាំក្បាល គ្រាប់នុយក្លេអ៊ែរ កាន់តែខ្លាំងលើសពីអ្វីដែលគ្រប់គ្នាបានគិតពីមុនមក ហើយវាពិតជាបានធ្វើឲ្យ មន្ត្រីនានា នៅមន្ទីរបញ្ចកោណអាមេរិក ភ្ញាក់ផ្អើលជាខ្លាំង។
សូមជម្រាបថា ទាំងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី សុទ្ធតែមិនទាន់មានសមត្ថភាពបាញ់គ្រាប់ មីស៊ីល ដែលអាចហោះលឿនជាងល្បឿនសំឡេង ៥ដង ចេញពីរថយន្តចល័តក្នុងល្បឿនលឿនបែប នេះឡើយ។ កាសែតអាមេរិកទាំងពីរ បានអះអាងទៀតថា ការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង របស់ចិន កាលពីថ្ងៃទី២៧ ខែកក្កដា បានធ្វើឲ្យប្រទេសលោកខាងលិច ស្រឡាំងកាំងរួចទៅហើយ។
យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងកន្លងមកនេះ ធ្លាប់បានចេញមុខច្រានចោលសេចក្តីរាយការណ៍ នៃកាសែត Financial Times រួចមកហើយ ដោយចាត់ទុកថា «មិនត្រឹមត្រូវ»។ ចិនអះអាងថា នោះជាការធ្វើសាកល្បងយានអវកាស ដោយផ្តោតលើបច្ចេកវិទ្យា ដែលអាចប្រើឡើងវិញបាន ប៉ុណ្ណោះ និងមិនមែនជាការធ្វើតេស្តគ្រាប់មីស៊ីល លឿនជាងសំឡេងអ្វីនោះឡើយ៕