ក្រសួងសង្គមកិច្ច បើកសិក្ខាសាលាពិគ្រោះយោបល់កុមារ ដើម្បីប្រមូលធាតុចូលលើសេចក្តី ព្រាងច្បាប់ដំបូងស្តីពី «កិច្ចការពារកុមារ នៃកម្ពុជា»


 (ភ្នំពេញ)៖ ឯកឧត្តម អៀម គន្ធឌី អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា តំំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន រៀបចំសិក្ខាសាលាពិគ្រោះ យោបល់កុមារ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ដំបូង ស្តីពីកិច្ចការពារកុមារនៃកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម អៀម គន្ធឌី បានលើកឡើងថា សិក្ខាសាលាពិគ្រោះយោបល់ជាមួយកុមារនាថ្ងៃនេះ គឺជា ការសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ និងការពារសិទ្ធិរបស់កុមារ ដូចមានចែងក្នុងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទោះបី យើងកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក មមារញឹកជាប់ដៃការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងណាក្តី។

ឯកឧត្តម បានបន្តថា ការលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ និងអន្តរជាតិពាក់ ព័ន្ធ ត្រូវបានរាជរដ្ឋាភិ- បាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងការ ប្តេជ្ញាចិត្តគោរព ការពារ និង បំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និង សុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោល ការណ៍នីតិរដ្ឋ ព្រមទាំងបានដាក់ចេញនូវវិធានការជាច្រើន ដើម្បី ធានាឲ្យបាននូវសុខុមាលភាព និងការគាំពារសង្គមចំពោះកុមារកម្ពុជា ។

ជាការបញ្ជាក់បន្ថែម ឯកឧត្តម អៀម គន្ធឌី បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានការដាក់ចេញ ឱ្យអនុវត្តនូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាព ជាតិនានា ដូចជា៖ ក្របខ័ណ្ឌគោល នយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស និងលិខិត បទដ្ឋានគតិ យុត្តពាក់ព័ន្ធផ្សេងទៀត។

បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវា ដល់ប្រជាជនក្រីក្រងាយរងគ្រោះ ជាពិសេស កុមារកំព្រា និងកុមារងគ្រោះនៅតាមសហគមន៍ដោយ បង្កើននូវ ការយកចិត្តទុកដាក់ពង្រឹងគុណភាព និងបង្ខិតសេវាឱ្យទៅជិតជាមួយប្រជាជន តាមរយៈ ការបង្កើនល្បឿននៃ ការធ្វើវិមជ្ឈការផ្ទេរការទទួលខុសត្រូវ និងវិភាជន៍ថវិកាទៅរដ្ឋបាលថ្នាក់ក្រោម ជាតិជាបណ្តើរៗប្រកបដោយ សុទិដ្ឋិនិយមក្រៃលែង។

ទន្ទឹមនឹងការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការជាតិជាច្រើនពាក់ព័ន្ធ នឹង ការលើកកម្ពស់និងការការពារសិទ្ធិកុមារ ក៏កុមារកម្ពុជាមួយចំនួននៅតែជួបបញ្ហាប្រឈមនៅ ឡើយ ដូចជា អំពើ ហិង្សាលើកុមារ ការកេងប្រវ័ញ្ចនិងការជួញដូរកុមារ កុមារការប្រើប្រាស់គ្រឿង ញៀននិងសារធាតុញៀន កុមារ បម្លាស់ទី កុមាររងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក កុមារ បោះបង់ការសិក្សា កុមារកង្វះអាហារូបត្ថម្ភជា ដើម ដែលតម្រូវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការ មិនមែនរដ្ឋាភិបាល វិស័យឯកជន សហគមន៍ ឪពុកម្តាយ រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។

ថ្លែងនៅក្នុងសិក្ខាសាលានាថ្ងៃដដែលនោះ ឯកឧត្តម អៀម គន្ធឌី បានឲ្យដឹងថា ការរៀបចំច្បាប់ស្តី ពីកិច្ចការពារកុមារ គឺជាការវិវត្តន៍ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាធានាឱ្យបាននូវ កិច្ចការពារកុមារ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់ជាធរមាន ជាពិសេសរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានលើកទឹកចិត្ត និងផ្តល់ការណែនាំដល់កុមារឲ្យ ចូលរួមបញ្ចេញ មតិយោបល់ ឱ្យបានផុសផុស និងហ៊ានសាកសួរនូវចំណុច ដែលក្មួយមិនយល់ ឬគិតថាវាមិនបម្រើ នូវឧត្តមប្រយោជន៍ដល់កុមារដទៃទៀត។ លោកបន្តថា កុមារជាម្ចាស់សិទ្ធិ ដូច្នេះកុមារត្រូវហ៊ានលើក ឡើងអំពីបញ្ហាប្រឈម និងដំណោះស្រាយដែល ក្មួយៗ និងកុមារដទៃទៀតបានជួបប្រទះ សម្រាប់ ជាមូលដ្ឋានក្នុងការតាក់តែងសេចក្តីព្រាងច្បាប់នេះ ស្របតាម ស្ថានភាពជាក់ស្តែង ដើម្បីបម្រើ និងការពារកុមារគ្រប់រូប៕