ក្រសួងវប្បធម៌ អោយដឹងថា «របាំភោគផល» ប្រពៃណីជនជាតិដើមភាគតិច នឹងត្រូវសម្តែងក្នុងព្រឹត្តិការណ៍អម ASEM13 ដើម្បីបង្ហាញពិភពលោក


 (ភ្នំពេញ)៖ មន្ត្រីក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា មហោស្របវប្បធម៌អាស៊ីអឺរ៉ុប ឆ្នាំ២០២១ នឹងយក «របាំភោគផល» ដែលជាប្រពៃណីរបស់ជនជាតិដើមភាគតិច ទៅសម្តែងបង្ហាញ ពិភពលោក ក្នុងព្រឹត្តិការណ៍អមផ្លូវការ កិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប លើកទី១៣ (ASEM13) ដែល កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ការសម្តែង «របាំភោគផល» គឺជាការផ្ទាំងទស្សនីយភាពមួយ ក្នុងចំណោម ផ្ទាំងទស្សនីយភាពជាច្រើនទៀត នៃមហោស្របវប្បធម៌អាស៊ីអឺរ៉ុប ឆ្នាំ២០២១។

រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ASEM13 នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ហើយក្នុងឱកាសនោះ ក្រសួងវប្បធម៌ សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៊ីអឺរ៉ុប (ASEF) នឹងរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍ អមផ្សេងៗទៀតនៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាង អាស៊ី និងអឺរ៉ុប។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីមហោស្រពវប្បធម៌ អាស៊ីអឺរ៉ុប២០២១ កាលពីម្សិលមិញ លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករង ទទួលបន្ទុកសិល្បទស្សនីយភាព បានថ្លែងថា ព្រឹត្តិការណ៍បើកមហោ ស្រពជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងមានបង្ហាញនូវសិល្បៈទស្សនីយភាពពិសេស មួយ ដែលមានចំណងជើងថា «កម្ពុជាលម្អដោយវប្បធម៌ចម្រុះ» ដែលមានការសម្តែងរបាំបុរាណ ប្រជាប្រិយ និងសហសម័យ ដែលសម្តែងដោយសិល្បៈករខ្មែរ និងសិល្បករនៃបណ្តាប្រទេសដៃគូ ASEM ផងដែរ។ ការសម្តែងនេះ រួមមាន របាំជូនពរសម្រាប់ស្វាគមន៍ភ្ញៀវ, របាំប្រជាប្រិយ បង្ហាញ ពីពិធីគោរពសែនព្រនអ្នកតានៅពេលដាំស្រូវ និងការច្រូតកាត់, របាំបុកលក្ខ ជារបាំបង្ហាញពីក្តី ស្រឡាញ់ រីឯរបាំស្រូវ ជារបាំសហសម័យខ្មែរ ដែលបង្ហាញពីថាមពល ស្វាហាប់ និងភាពវិជ្ជមាន របស់យុវជនកម្ពុជា។

លោកស្រី ជ័យ ច័ន្ទកិត្យា បានបញ្ជាក់ថា «(កម្ពុជាលម្អដោយវប្បធម៌ចម្រុះ) ប្រធានបទនេះចង់ បង្ហាញថា កម្ពុជាគឺជាប្រទេសមួយ ដែលអាចស្វាគមន៍ចំពោះវប្បធម៌ផ្សេងៗ ក៏ប៉ុន្តែនៅក្នុងនោះ កម្ពុជាមានវប្បធម៌ខ្លួន ឯង ហើយតាមរយៈការសម្តែងនេះ យើងមានគម្រោងច្រើនផ្សំចូលគ្នា ដើម្បីបង្ហាញទៅពិភពលោក។ ម្យ៉ាងទៀត យើងបានយកវប្បធម៌របស់យើងខុសៗគ្នា មកបង្ហាញ ឧទាហរណ៍ដូចជា របាំភោគផល ដែលជារបាំប្រពៃណីរបស់បងប្អូនភាគឦសាន…»

បើតាមមន្ត្រីក្រសួងវប្បធម៌, ចំពោះផលប្រយោជន៍ ដែលកម្ពុជាទទួលបានពីការសម្តែងទាំងនេះ គឺបានបង្ហាញពិភពលោកថា៖

១៖ មិនថាកាលៈទេសៈណាក៏ដោយ កម្ពុជានៅតែរឹងមាំ និងមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុង ព្រឹត្តិការណ៍ធំៗខ្នាតអន្តរជាតិ ហើយនេះក៏ជាសារដល់ប្រជាជនកម្ពុជាថា យើងជាប្រជាជាតិមួយ ដែលរឹងមាំប្រកបដោយសក្តានុពល
២៖ សិល្បៈវប្បធម៌យើង ត្រូវបានផ្សាយទៅកាន់ពិភពលោក ដែលមានវប្បធម៌លេចធ្លោ និងមាន លក្ខណៈសម្បត្តិគ្រប់គ្រង ដើម្បីសហការជាមួយពិភពលោក។

របាំភោគផល ត្រូវបានច្នៃបង្កើតឡើងដោយផ្អែកលើប្រពៃណីជនជាតិដើមភាគតិច រស់នៅខេត្ត មណ្ឌលគីរី និងរតនគីរី ពោលគឺទំនៀមធ្វើកសិកម្មតាមបែបកាប់ឆ្ការព្រៃរួចដុត (កសិកម្មពនេចរ)។ ប្រពៃណីនេះតែងឃើញអនុវត្តន៍ក្នុងចំណោមជនជាតិភាគតិចដែលរស់នៅតាមតំបន់ភ្នំ។ របាំនេះបង្ហាញពីការដាំស្រូវចម្ការគឺបុកដាំដោយប្រើឈើ «ច្រឹង» និងការប្រមូលផលស្រូវដោយបូតនឹងដៃ។ ភ្លេងកំដររបាំនេះគឺ «គង»

របាំភោគផល ស្រាវជ្រាវ និងបង្កើតនៅឆ្នាំ១៩៩៥ ដោយព្រឹទ្ធាចារ្យទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន, ព្រឹទ្ធាចារ្យ ហង្ស សុត, ព្រឹទ្ធាចារ្យ ភឹម ឈៀង, ព្រឹទ្ធាចារ្យ គង់ វុធ, និងព្រឹទ្ធាចារ្យ ច្រង់ ព្រឿង។ របាំភោគផលចាប់ផ្ដើមសម្ដែងពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៧៥ ហើយចាប់សម្ដែងជាថ្មីឡើងវិញ នៅឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន៕