ឯកឧត្តម ថង សាវុន ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ជំនួស ឯកឧត្តម ស្វាយ សំអ៊ាង


 (មណ្ឌលគិរី)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីត យុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញប្រកាសទទួលស្គាល់ឯកឧត្តម ថង សាវុន ជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី ជំនួសឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវផ្ទេរភារកិច្ចេពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែងវិញ។

ពិធីប្រកាសទទួលស្គាល់នេះ មានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលប្រព្រឹត្តទៅនៅ សាលាខេត្តមណ្ឌលគិរី។

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនចំពោះមន្រ្តីរាជការ ក៏ដូចជាសមាជិកអតីតយុទ្ធជនទាំងអស់ គឺសម្ដេចទាំងទ្វេរ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ចចំពោះ អតីកាល ដែលធ្លាប់រួមអាវុធជាមួយគ្នាព្រោះសម្តេចក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាច កាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ សូមអាជ្ញាធរ សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះ សុខទុក្ខការ លំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូនក្រុមគ្រួសាររបស់អតីតយុទ្ធជនឱ្យបានល្អថែមទៀត។ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួន ណាម្នាក់ឱ្យកាន់ការងារ អតីត យុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានា ថាបងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាច កាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ៕