កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅ ម៉ោង២៖០០នាទី រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះហើយ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធនិម្មិត (Virtual Meeting) ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូ សភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយ វិបត្តិកូវីដ-១៩» ដែលរៀបចំចេញពីវិមានរដ្ឋសភាកម្ពុជា។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថា ASEP គឺជាព្រឹត្តការណ៍ដាច់ដោយឡែកមួយរបស់ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (Asia-Europe Meeting) ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះ នាថ្ងៃ ទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូល រួមពីប្រមុខរដ្ឋ / រដ្ឋាភិបាលនៃប្រទេសចំនួន៥១ នៅទ្វីបអឺរ៉ុបនិងអាស៊ីប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ផងដែរ។
នៅក្នុងពិធិបើកនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នឹងមានការចូលរួមថ្លែង សុន្ទរកថារបស់ថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាសហ ប្រធាន ASEP11 និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។
នាឱកាសនៃកិច្ចប្រជុំ ASEP នេះ គណៈប្រតិភូនៃប្រទេសជាសមាជិកសភាអាស៊ី-អឺរ៉ុប នឹងមាន ឱកាសពិភាក្សាគ្នាយ៉ាងល្អិតល្អន់នូវសេចក្ដីប្រកាសរបស់ ASEP11 ព្រមទាំងពិភាក្សាផ្លាស់ប្តូរ ទស្សនៈជាមួយគ្នាទៅវិញទៅមក ក្នុងក្រុមពិភាក្សាចំនួនបីក្រុមផ្សេងគ្នា ដែលមានប្រធានបទ មាន ជាប់ពាក់ព័ន្ធនឹងមូលបទគោលខាងលើ។
នេះជាលើកទី១សម្រាប់សភាកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវទទួលរៀបចំកិច្ចប្រជុំជា លក្ខណៈអន្តរជាតិតាមប្រព័ន្ធនិម្មិតបែបនេះ ហើយព្រឹត្តិការណ៍នេះ នឹងជាប្រវត្តិសាស្ត្រដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានដើរតួនាទី ជាវេទិកា មួយសម្រាប់ទំនាក់ទំនង ការងារការទូតរវាងសភាជាសមាជិក និងជំរុញការយល់ដឹង ទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋ នៃបណ្តាប្រទេសអាស៊ី និងអឺរ៉ុប។
កិច្ចប្រជុំ ASEP នេះ បានផ្ដោតលើទំនាក់ទំនងអន្តរសភាលើកកម្ពស់ការទូតសភាពង្រឹង កិច្ច ពិភាក្សាយោគយល់គ្នាទៅវិញទៅមកនិងទាក់ទាញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើបញ្ហាមួយចំនួនដែលសមាជិកសភាចាត់ទុកថាជាអាទិភាពដូចដែល បានដាក់ នៅក្នុងដំណោះស្រាយ និងសេចក្ដីប្រកាសចុងក្រោយ របស់កិច្ចប្រជុំ ASEP។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា ឈរលើស្មារតីក្នុងនាមជាប្រទេសម្ចាស់ផ្ទះ សភាកម្ពុជា មានសុទិដិ្ឋនិយមក្នុងការខិត ខំ បំពេញ កាតព្វកិច្ចទទួលរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលនឹងបន្តរួមចំណែកដល់ការលើកកម្ពស់នូវចក្ខុវិស័យនិងគោលដៅចម្បងរបស់ ASEP ក្នុងការ បន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងទ្វីបទាំងពីរឱ្យកាន់តែ មានលក្ខណៈស៊ីជម្រៅនិងសម្រេចបាននូវក្តីប្រាថ្នារួមរបស់ប្រជាពលរដ្ឋគឺការរស់នៅក្នុងសុខសន្តិភាពស្ថិរភាព និងវិបុលភាពរួម៕