អូស្ត្រាលីនឹងចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីការពារកោះតៃវ៉ាន់


 (កង់បេរ៉ា)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា ទីក្រុងកង់បេរ៉ាបានប្រកាសជំហរច្បាស់លាស់របស់ខ្លួន ទៅកាន់សហ រដ្ឋអាមេរិកវិញថា អូស្ត្រាលីនឹងចូលរួមការពារកោះតៃវ៉ាន់ ចំពោះមុខភាពតានតឹង ដែលកាន់តែកើន ឡើងជាលំដាប់។

កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Anthony Blinken) បានលើកឡើងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំងអស់ នឹងចេញ សកម្មភាពដែលមិនអាចនឹកស្មានដល់ ប្រសិនបើប្រទេសចិនបានជ្រើសរើស ប្រើប្រាស់កម្លាំងបាយ ទៅលើកោះតៃវ៉ាន់នោះ។

ជាការបញ្ជាក់ជំហរគាំទ្រ, រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក ភីទើរ ដាត់ថុន (Peter Dutton) បានប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតអូស្ត្រាលី នៅព្រឹកថ្ងៃសៅរ៍នេះថា «វា នឹងក្លាយជា រឿង ដែលមិន នឹកស្មាន ដល់ ប្រសិនបើយើង មិន ចេញសកម្មភាពគាំទ្រ អាមេរិក ប្រសិនបើ អាមេរិក ជ្រើសរើស ចាត់វិធានការ (ការពារកោះតៃវ៉ាន់) នោះ»។ លោក Dutton ថែមទាំងបានអះអាងទៀតថា នេះគឺជាភាពស្មោះត្រង់រវាងសម្ព័ន្ធមិត្ត ដែលមិនមែនជាការប្តេជ្ញាចិត្តទុកជាមុន ឬជម្រើសនោះទេ ប៉ុន្តែវាជាអ្វីដែលយើងត្រូវធ្វើ៕