តុលាការមីយ៉ាន់ម៉ា កាត់ទោសអ្នកកាសែតអាមេរិកម្នាក់ ដាក់ពន្ធនាគារ ១១ឆ្នាំ

(រ៉ង់ហ្គូន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។តុលាការនៅក្រោមរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានផ្ដន្ទាទោសអ្នកកាសែត អាមេរិកម្នាក់ គឺលោក Danny Fenster ដាក់ពន្ធនាគារ១១ឆ្នាំ ដែលនេះជាការ បិទបញ្ចប់កិច្ចខិតខំ ប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យដោះលែងរូបលោក។

លោក Danny Fenster មានអាយុ៣៧ឆ្នាំ ដែលជាអ្នកកាសែតម្នាក់មកពីទស្សនាវដ្ដី Frontier Myanmar ត្រូវបានតុលាការមីយ៉ាន់ម៉ា រកឃើញថាបានប្រព្រឹត្តបទឧក្រិដ្ឋញុះញង់, បំពានច្បាប់ អន្តោប្រវេសន៍ និងគាំទ្រ ក៏ដូចជាលើកទឹកចិត្តឱ្យមនុស្សធ្វើសកម្មភាពខុសច្បាប់។

តាមរយៈការផ្ដន្ទាទោសនេះ បានធ្វើឱ្យលោក Fenster ក្លាយជាអ្នកកាសែតលោកខាងលិចដំបូង គេបំផុតដែលត្រូវបានជាប់ពន្ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា នារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ នេះ។ និពន្ធនាយកនៃទស្សនាវដ្ដី Frontier Myanmar បានចាត់ទុកការផ្ដន្ទាទោសលោក Fenster មិនមានមូលដ្ឋានអ្វីទាំងអស់ ហើយលោកបានទាមទារឱ្យ អាជ្ញាធរមីយ៉ាន់ម៉ាសព្វថ្ងៃដោះលែង អ្នកកាសែតរូបនេះជាបន្ទាន់ ដើម្បីអាចឱ្យគាត់ត្រឡប់ទៅផ្ទះជួបក្រុមគ្រួសាររបស់លោក៕