ក្រសួងការពារជាតិកម្ពុជា ប្រកាសប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើអមិត្តរបស់អាមេរិក


 (ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសប្រឆាំង យ៉ាងដាច់អហង្ការចំពោះទង្វើអមិត្តរបស់អាមេរិក ដែលបានរំលោភបំពានមកលើ អធិបតេយ្យកម្ពុជា ម្តងហើយម្តងទៀត។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែល ទទួល បាន។ប្រតិកម្មរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ បានដាក់ ទណ្ឌកម្មដោយឯកតោភាគីលើ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារ បច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើ ពុករលួយក្នុងការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថា ជាការអនុវត្តច្បាប់ Global Magnitsky។

ទណ្ឌកម្ម រួមមានទាំងការមិនអនុញាតឲ្យ ឧត្តមសេនីយ៍កម្ពុជាទាំងពីររួមទាំងក្រុមគ្រួសារសាច់ញាតិ ទទួលបានទិដ្ឋការចូលទៅកាន់សហរដ្ឋអាមរិកហើយ ទ្រព្យសម្បត្តិដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬគ្រប់គ្រងដោយបុគ្គលទាំងពីររូបនេះ នៅសហរដ្ឋអាមេរិកនឹងត្រូវបង្កក និងត្រូវរាយការណ៍ជូនមក ការិយាល័យ គ្រប់គ្រងអចលនទ្រព្យបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមរិកផងដែរ។

ក្រសួង ការពារជាតិ ចាត់ទុកទង្វើនេះជាកាយវិការខ្វះវិចារណញ្ញាណ និងមានលក្ខណៈជាការបង្ក រឿងឥតឈប់ឈរ ហើយក្រសួងការពារជាតិបញ្ជាក់បន្ថែមថា ជាច្រើន លើកច្រើនគ្រាហើយដែល អាមេរិកព្យាយាមបំផ្លាញនូវសេចក្តីសុខក្សេម ក្សាន្តរបស់ប្រជាជនកម្ពុជា មិនខុសពីអំពើពាលា យង់ ឃ្នង ដែលប្រទេសមហាអំណាចមួយនេះ បានធ្វើមកលើប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត ស្ទើរពាសពេញពិភពលោក ឲ្យទទួលរងភាពហិនហោចខ្លោចផ្សា ទាំងនៅក្នុង អតីតកាល ក៏ដូចជា ក្នុងពេលបច្ចុប្បន្ន។

«អាមេរិកនៅតែយកបញ្ហានៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ជាលេសសម្រាប់ធ្វើការកៀប សង្កត់ ទោះបីជាកម្ពុជាខិតខំបង្ហាញអំពីភាពស្មោះត្រង់ សម្បទាន សុចរិត និងស្មារតីរក្សាមិត្តភាព យ៉ាងណាក៏ដោយ។ សម្រាប់បញ្ហាមូលដ្ឋានរាមនេះ ក្រសួងការពារជាតិបានបកស្រាយជាច្រើន លើកច្រើនសា ស្ទើរតែគ្រប់រូបភាព ដើម្បីបញ្ជាក់ថា អធិបតេយ្យរបស់ខ្លួន កំពុងត្រូវបានការពារ យ៉ាងដាច់ខាត ហើយ ការធ្វើទំនើបកម្មនេះទៀតសោត ពុំមែនជាការគម្រាមកំហែងដល់សន្តិសុខ របស់ប្រទេសណាមួយ ដូចការចោទប្រកាន់ទាំងនោះទាល់តែសោះ»។ នេះបើតាមសេចក្តី ប្រកាស។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានអះអាងថា ខ្លួនតែងតែបង្ហាញនូវសុឆន្ទៈ គោរពអធិបតេយ្យរបស់ប្រទេសដទៃ ដោយចាត់ទុកថា គឺជាការគោរពផលប្រយោជន៍គ្នាទៅវិញ ទៅមក និងមិនចង់ឲ្យមានអរិភាព រវាងគ្នា។ ផ្ទុយ ទៅវិញ អាមេរិកតែងតែបំពានមកលើកម្ពុជាជានិច្ច កាល ដើម្បីតែផលប្រយោជន៍របស់ខ្លួន និងការកេងចំណេញនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ។

ក្រសួងការពារជាតិ សូមធ្វើការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើអមិត្តរបស់អាមេរិក ហើយចាត់ ទុកថា ការប៉ុនប៉ងប្រកបដោយមហិច្ឆតាឈ្នានីស និងទម្លាប់រំលោភលើអធិបតេយ្យរបស់អ្នកដទៃនេះ នឹងមិនបានទទួលជោគជ័យជាដាច់ខាត នៅក្នុងការធ្វើឲ្យកម្ពុជាត្រឡប់ទៅរកសោកនាដ កម្ម ដែល បង្កឡើងដោយការជ្រៀតជ្រែកពីខាងក្រៅ សាជាថ្មីទៀតនោះឡើយ។ ទោះជាក្នុងតម្លៃណាក៏ដោយ យើងប្រកាន់ជំហររឹងមាំ នៅក្នុងការការពារផលប្រយោជន៍របស់កម្ពុជា និងខិតខំកសាងទំនាក់ទំនង ល្អ ជាមួយបណ្តាមិត្តភ័ក្រ្តទាំងឡាយ ដែលប្រកាន់យកសុឆន្ទៈ គោរពផលប្រយោជន៍គ្នាទៅវិញ ទៅមក៕