(កាប៊ុល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ អោយដឹងថា អង្គការសុខភាពពិភពលោក (WHO) និងអង្គការមូលនិធិកុមារ របស់អង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចាប់ផ្តើមបើកយុទ្ធនាការ ចាក់ វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយ ជាយុទ្ធនាការទូទាំង ប្រទេសលើកដំបូងបង្អស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះក្នុងរយៈពេល ០៣ឆ្នាំកន្លងមកនេះ។
លោក Naikwali Shah Momim អ្នកសម្របសម្រួលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិសម្រាប់យុទ្ធនា ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង នៃក្រសួងសុខាភិបាល អាហ្វហ្កានីស្ថាន បានគូសបញ្ជាក់ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាយុទ្ធនាការនេះបានចាប់ផ្តើមនៅក្នុងតំបន់មួយចំនួននៃ ប្រទេសនៅថ្ងៃចន្ទសប្ដាហ៍នេះ ប៉ុន្តែវា មានឧបសគ្គជាច្រើនជុំវិញការកង្វះបុគ្គលិកដែលត្រូវបាន បណ្តុះបណ្តាល។
អង្គការ WHO បាននិយាយថា យុទ្ធនាការដែលមានគោលបំណងចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិត ដៃជើងជូនដល់កុមារជាង ៣លាននាក់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ត្រូវបានទទួលការគាំទ្រពី ក្រុមតាលីបង់ដែលនឹងអនុញ្ញាតឱ្យបុគ្គលិករបស់យើងអាចផ្ដល់ការចាក់វ៉ាក់សាំងជូនដល់កុមារនៅក្នុងតំបន់ដែលមិនអាចចូលទៅដល់កាលពីមុន។
ដោយឡែក លោក Ahmed Al Mandhari នាយកប្រចាំតំបន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ (Mediterranean) របស់អង្គការ WHO ក៏បានបញ្ជាក់នៅក្នុង សេចក្ដីថ្លែងការណ៍មួយថា «ភាព បន្ទាន់ដែលមេដឹកនាំតាលីបង់ចង់ឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដំណើរការបាន គឺបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាប្រព័ន្ធសុខាភិបាល និងចាប់ផ្តើមការចាក់វ៉ាក់សាំង សំខាន់ៗឡើងវិញ ដើម្បីទប់ស្កាត់ការផ្ទុះឡើងបន្ថែមទៀតនៃជំងឺដែលអាចបង្ការបាន»។
ទោះជាយ៉ាងណា បើតាមលោក Naikwali Shah Momim ការបណ្តុះបណ្តាលបន្ថែមទៀត គឺត្រូវ ការសម្រាប់បុគ្គលិកនៅក្នុងតំបន់ដាច់ស្រយាល ដូច្នេះយុទ្ធនាការនេះ នឹងចាប់ផ្តើមមុនគេនៅកន្លែង ទីប្រជុំជនមួយចំនួន ដូចជាទីក្រុងកាប៊ុល (Kabul) ជាដើម៕