គ.ជ.ប អោយដឹងថា រយៈពេល២៧ថ្ងៃ មានពលរដ្ឋជាង៣០ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១

 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់ថ្ងៃទី២៧ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានទៅចុះ ឈ្មោះបោះឆ្នោតថ្មីចំនួន ៨,៨២៦នាក់ ហើយសរុបចំនួន២៧ថ្ងៃនេះ មានចំនួន ៣០២,៨៤៩នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្នថ្ងៃទី២៧ នៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (សម្រាប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១) ដែល ប ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តាមរបាយការណ៍ពីឃុំ-សង្កាត់ចំនួន ១,៤០៩ នៅទូទាំងប្រទេសមានដូចខាងក្រោម៖

*ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៨,៨២៦នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥,១៧០នាក់
*អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៥,២៩៦នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួន ២,៧៥០នាក់។

គ.ជ.ប បានបបញ្ជាក់ថា សរុបរយៈពេល ២៧ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះទទួលបានដូចខាងក្រោម៖

*ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ៣០២,៨៤៩នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១៤៣,៧១១នាក់
*អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១១០,១៥៨នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មីសរុប មានចំនួន ៩០,១៣៣នាក់។

គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្នមានទីតាំងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បី៖

*ពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ ប្រសិនបើមានកំហុសឆ្គង សាមីខ្លួនត្រូវស្នើសុំកែតម្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេលបោះ ឆ្នោត។

*ចុះឈ្មោះបោះឆ្នោត ចំពោះអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី និងប្រជា​ពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក។

សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/taxonomy/term/364 ដើម្បីពិនិត្យ​មើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ប្រចាំថ្ងៃ។

សូមជម្រាបជូនថា តាមប្រតិទិនការងារ ការបិទការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជុំវាយតម្លៃការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១៕