រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍លើកឡើងថា កូវីដ១៩ ជំរុញឱ្យយើងពន្លឿនការផ្លាស់ប្តូរឌីជីថល និងសម្របខ្លួនទៅគំរូសេដ្ឋកិច្ចថ្មី


 (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថាជំងឺ រាតត្បាតកូវីដ១៩ បានរំខានដល់របៀបរស់នៅការធ្វើអាជីវកម្ម និងទំនាក់ទំនងគ្នាទៅវិញ ទៅ មក។ ទោះយ៉ាងណាក៏ដោយ បានអនុញ្ញាតឱ្យយើងពន្លឿនការផ្លាស់ប្តូរឌីជីថល និងសម្របខ្លួន យើងទៅ នឹងសេដ្ឋកិច្ចឌីជីថល ដែលជាគំរូកំណើនសេដ្ឋកិច្ចថ្មី ។

ឯកឧត្តម លើកឡើងបែបនេះធ្វើឡើង ក្នុងឱកាសបើកព្រឹត្តិការណ៍ CamTech Summit 2021 ដែល ប្រពឹត្តិទៅរយៈពេល៥ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម បានថ្លែងបន្តថា ដោយគិតគូរពីបញ្ហាប្រឈម និងកាលានុវត្តភាពនាពេលថ្មីៗនេះ រាជរដ្ឋាភិ បាលកម្ពុជា បានអនុម័តក្របខ័ណ្ឌគោលនយោបាយ ស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥។ តាមរយៈចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល នឹងផ្តោត ជាចម្បង គឺលើការកសាងមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់ប្រតិបត្តិការបច្ចេកវិទ្យា និងការផ្លាស់ ប្តូរក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដូចជារដ្ឋាភិបាល ប្រជាពលរដ្ឋ និងធុរកិច្ច។

ឯកឧត្តម បន្ថែមថា «ក្រសួងប្តេជ្ញាចិត្ត ក្នុងការសហការគ្នា ជាមួយភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯក ជន ក្នុងកម្ពស់ឌីជីថល និងលើកកម្ពស់ហិរញ្ញវត្ថុសម្រាប់ សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាមរយៈបច្ចេក វិទ្យា ដែលអាចទុកចិត្តបាន និងរចនាសម្ព័ន្ធឌីជីថលដែលមានភាពរហ័ស»

ជាមួយគ្នាក្នុងការផ្លាស់ប្តូរឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានគម្រោងកាត់បន្ថយ ការប្រើប្រាស់ក្រដាស នៅក្នុងដំណើរការរដ្ឋបាល ដែលចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ក្នុងនោះក្រុមព័ត៌មានវិទ្យារបស់ក្រសួង បានធ្វើការលើគម្រោងឌីជីថលចំនួន២០ ដែលនឹងរួម ចំណែកដល់ការងារកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធភាព។

ឯកឧត្តម គូសបញ្ជាក់បន្ថែមថា «លើវិស័យទូរគមនាគមន៍ MPTC បានបង្កើតក្រុមការងារចំនួនប្រាំ ដែលផ្តោតលើការលើកកម្ពស់សេវាគុណភាព និងបណ្តាញឆ្អឹងខ្នងទូទាំងប្រទេស ព្រមទាំងក្រុម ការងារចំនួនប្រាំបីផ្សេងទៀត ដើម្បីពង្រឹងសេវាទូរគមនាគមន៍ និងអ៊ីនធឺណិតនៅគ្រប់ទីក្រុងទាំង អស់។ យុទ្ធសាស្ត្ររយៈពេលវែងរបស់យើង ក៏ធានាបាននូវការតភ្ជាប់បណ្តាញសម្រាប់សាលារៀន និងមណ្ឌលសុខភាពនៅថ្នាក់ឃុំនៅទូទាំងប្រទេស»។

ក្នុងឱកាសបើកព្រឹត្តិការណ៍ CamTech Summit 2021 នេះដែរ លោកស្រី នាវ ច័ន្ទថាណា បាន លើកឡើងថា វេទិកាបច្ចេកវិទ្យាកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនេះ គ្របដណ្តប់មិនត្រឹម តែវិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតទៅលើការប្រើប្រាស់ បច្ចេកវិទ្យាក្នុងវិស័យផ្សេងៗ រួមមាន វិស័យទេសចរណ៍ វិស័យអចលនទ្រព្យ និងវិស័យកសិកម្មផងដែរ។

ការរៀបចំវេទិកានេះ ផ្ដល់ឱកាសដល់តំណាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សា សិក្សា និងចែករំលែកចំណេះដឹងសំខាន់ៗនៃការអភិវឌ្ឍ កាលានុវត្តភាព និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដែលគាំទ្រដល់វិស័យពាក់ព័ន្ធ ទាំងនោះ ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និងដើម្បីបន្តអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន ៕