(តូក្យូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ បានអោយ ដឹងថា ទីភ្នាក់ងារឧតុនិយមជប៉ុនហៅកាត់ថា JMA បានចេញសេចក្តីព្រមានថ្មីមួយ នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះថា ភ្នំភ្លើង អាសូ (Aso) អាចនឹងផ្ទុះឡើងម្តងទៀតក្នុងកម្រិតធ្ងន់ ខណៈភ្នំភ្លើងស្ថិតនៅភាគនិរតីជប៉ុនមួយនេះ បានបង្កការញ័ររញ្ជួយដីជាលំដាប់ នាប៉ុន្មានថ្ងៃចុង ក្រោយនេះ។ JMA បានប្រកាសថា កម្រិតនៃការរញ្ជួយភ្នំភ្លើងនៅត្រង់រណ្ដៅទី ១ ឈ្មោះ ណាកា ដាកិ (No.1 Nakadake) នៃតំបន់ភ្នំភ្លើង Aso បានកើនឡើងយ៉ាងខ្លាំង គិតចាប់តាំងពីយប់ថ្ងៃ អាទិត្យសប្តាហ៍មុន មកទល់នឹងព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ។ បន្ទាប់ពីការផ្ទុះភ្នំភ្លើង នៅត្រង់រណ្តៅ ដែលមានមុខកាត់ជាង ១,៥០០ម៉ែត្រកាលពីថ្ងៃពុធសប្តាហ៍មុន, JMA បានបង្កើនការប្រកាស អាសន្នភ្នំភ្លើងដល់កម្រិតទី ៣ ក្នុងចំណោមកម្រិតទាំង ៥ និងហាមឃាត់ការចូលទៅកាន់ តំបន់ ភ្នំភ្លើងនោះក្នុងរង្វង់ ២គីឡូម៉ែត្រ។
សូមបញ្ជាក់តាម JMA ឲ្យដឹងថា ផេះភ្នំភ្លើងបានជះចេញក្នុងរយៈកម្ពស់ ១ គីឡូម៉ែត្រពីមាត់រណ្ដៅ ហើយលំហូរកម្ទេចផេះពីមាត់រណ្តៅវិញគឺមានប្រវែង ១.៣គីឡូម៉ែត្រ នៅភាគខាងលិចនៃរណ្ដៅ នេះ។ វាជាកម្រិតធ្ងន់ធ្ងរលើកដំបូងហើយ គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៦។ មិនមានសេចក្តីរាយការណ៍ថា មាន អ្នក ស្លាប់ និង របួស ក្នុងហេតុការណ៍ផ្ទុះកាល ពី សប្តាហ៍ មុន នោះទេ។ ដោយឡែកអ្នក ឡើង ភ្នំ ចំនួន ១៦ នាក់ បាន ធ្វើ ដំណើរ ចុះ មក វិញដោយគ្មាន របួស៕