បិទចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២០ និងផ្លូវលេខ១២០, 1KD9(៣៤), 1KD11(១៤៣) ក្នុងខេត្តកណ្តាលជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង


 (កណ្តាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ថា ដោយស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងយ៉ាងខ្លាំងពេញព្រៀបចិញ្ចើមផ្លូវជាតិលេខ២០, ផ្លូវលេខ១២០, 1KD9(៣៤) និងផ្លូវលេខ1KD11(១៤៣) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាលនោះ សម្រាប់ចរាចររថយន្តដឹកទំនិញធុនធ្ងន់ត្រូវបានផ្អាកជាបណ្តោះអាសន្ន ពីព្រោះស្ថានភាពបែបនេះធ្វើឲ្យផ្លូវ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់ថា «សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២០ ចាប់ពីរង្វង់មូលកួរស្រូវ រហូតដល់ផ្លូវជាតិលេខ៣; ផ្លូវលេខ១២០ ចាប់ពីផ្លូវជាតិលេខ២ រហូតដល់ផ្លូវជាតិលេខ៣; ផ្លូវលេខ1KD9(៣៤) ចាប់ពីផ្លូវជាតិលេខ៣ រហូតដល់ផ្លូវលេខ៤១, ផ្លូវលេខ1KD11(១៤) ចាប់ពីផ្លូវលេខំ1KD9(៣៤) រហូតដល់ផ្លូវជាតិលេខ៤ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពទឹកស្រកចុះជាប្រក្រតីវិញ ដើម្បីថែរក្សាផ្លូវ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរប្រកបដោយសុខសុវត្ថិភាព»