(បន្ទាយមានជ័យ)៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើស បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៥គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ក្នុងនោះ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរលោក ហុង សុវណ្ណារិទ្ធ នាយការិយាល័យ (ក១) មានការចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកបច្ចេកទេស កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងលោក ថេង សំណាង ព្រះរាជអជ្ញារងខេត្តសៀមរាប បានដំណើរការស្រាវជ្រាវបង្ក្រាប៖
គោលដៅទី១៖ នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២២ ខែតុលា
ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥៩ (ចន្លោះគីឡូម៉ែត្រលេខ៩-១០)
ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គោលដៅទី២៖ នៅវេលាម៉ោង១៤៖៣៥នាទី
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅចំណុច ផ្ទះគ្មានលេខ បុរីអចលនទ្រព្យអង្គរ ភូមិគោកត្នោត
ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
គោលដៅទី៣៖ នៅចំណុចលំនៅដ្ឋានរបស់ឈ្មោះ
លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ។
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ១៖ ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ (គ្មានលិខិតឆ្លងដែន), ២៖ ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ, ៣៖ ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ (ប្រពន្ធលាងម៉ាប់)។ ចាប់យកវត្ថុតាងសារធាតុញៀនសរុប២៥គីឡូក្រាម ១០២,៤៣ក្រាម, មេតំហ្វេតាមីន (ICE) ២៥កញ្ចប់ធំ-២កញ្ចប់តូច ស្មើទម្ងន់ ២៥គីឡូក្រាម០៣១.៧៨ក្រាម, មេតំហ្វតាមីន(WY) ចំនួន ៧៨៥គ្រាប់ ស្មើទម្ងន់ ៧០.៦៥ក្រាម, ជញ្ជីថ្លឹង ១គ្រឿង, រថយន្ត១គ្រឿង, ទូរស័ព្ទដៃ ចំនួន ៦គ្រឿង និងឯកសារមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី៕