អង្គការសហប្រជាជាតិ ( UN ) តែងតាំងអ្នកជំនាញជើងចាស់សិង្ហបុរីម្នាក់ ធ្វើជាប្រេសិតពិសេសថ្មី ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា

 (យូអិន)៖  តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ ២០២១ បញ្ជាកើប្រាប់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែ រែស (Antonio Guterres) នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសតែងតាំង អ្នកសង្គមវិទូសិង្ហបុរី លោក ស្រី ណូអេលីន ហេយហ្សឺ (Noeleen Heyzer) ជាប្រេសិតពិសេសថ្មីនៃ UN ទទួលបន្ទុកកិច្ចការនៅ ប្រទេសមីយ៉ាន់ម៉ា។

លោកស្រី Noeleen Heyzer អាយុ ៧៣ឆ្នាំ បានធ្លាប់កាន់តំណែងជាន់ខ្ពស់ជាច្រើននៅ UN ជា ពិសេសនៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០១៤ ដែលលោកស្រីបានបម្រើការជាប្រធានគណៈ កម្មការ សេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយនៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៥ លោកស្រីបានបម្រើការជាទីប្រឹក្សាពិសេស ប្រចាំប្រទេសទីម័រខាងកើត (East Timor) ផងដែរ។

ជាផ្នែកមួយនៃភារកិច្ចរបស់លោកស្រីនៅគណៈកម្មការសេដ្ឋកិច្ច និងសង្គម លោកស្រី Noeleen Heyzer បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន (ASEAN) ក៏ដូចជាជាមួយអាជ្ញាធរមីយ៉ាន់ម៉ា លើការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រផងដែរ៕