រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងអូស្ត្រាលី ជួបជជែកគ្នាជំរុញការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ


 (ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងលោក Dan Tehan រដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្រ្ដាលី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ម្សិល មិញនេះ បានជួបគ្នាតាមប្រព័ន្ធវីដេអូ ជជែកលើការធ្វើពាណិជ្ជកម្មទាំងទ្វេភាគី និងក្នុងក្របខណ្ឌដៃ គូពាណិជ្ជកម្មអន្តរជាតិនានា។ កិច្ចប្រជុំខាងលើនេះ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានអញ្ជើញចូលរួមផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្វាគមន៍យ៉ាងកក់ក្កៅចំពោះ លោក Dan Tehan និង បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនប្រទេសអូស្ដ្រាលី ដែលបានផ្ដល់ជំនួយ ដល់កម្ពុជា លើដំណើរការចាក់វាក់សាំងប្រឆាំងបង្ការជំងឺកូវីដ-១៩។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចាក់ វ៉ាក់សាំងនេះ ជាកត្តាដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជាបើកប្រទេសឡើងវិញ។

លោក Dan Tehan បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរាតត្បាតនៃ ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ក៏ដូចជាភាពជោគជ័យលើយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។ លោក Dan Tehan បានធ្វើការកត់សម្គាល់ផងដែរ លើទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានកំណើនជាបន្ដបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

រដ្ឋមន្ដ្រីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (អាសិប) ដែលកម្ពុជា និងអូស្រ្ដាលីជាសមាជិក។ ក្នុងនោះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនលោក Dan Tehan ពីការបញ្ចប់រួចរាល់នូវនីតិវិធីក្នុងស្រុកលើការផ្ដល់សច្ចាប័ននៃ កិច្ចព្រមព្រៀងអាសិបរបស់កម្ពុជា ដែលព្រះមហាក្សត្រទ្រង់បានប្រកាសឱ្យប្រើប្រាស់ច្បាប់នេះជា ផ្លូវការ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការត្រៀមរៀបចំធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅក្នុងឆ្នាំ ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីទទួល បានជោគជ័យក្នុការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ការសម្របសម្រួល និងការគាំទ្រយ៉ាងកក់ ក្ដៅពីភាគីពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអាស៊ាន និងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រ ទេសដៃគូអាស៊ានទាំងអស់ ពិតជាមានសារៈសំខាន់។

ភាគីអូស្រ្តាលីបានសាទរដល់កម្ពុជាក្នុងការទទួលបានតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និង បានបង្ហាញការគាំទ្រយ៉ាងកក់ក្ដៅ និងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយកម្ពុជាក្នុងការបំពេញតួនាទី ដ៏សំខាន់នេះ។

មុននឹងបញ្ចប់ជំនួបពិភាក្សានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណគុណដល់រដ្ឋាភិបាល អូស្រ្ដាលី ដែលតែងតែគាំទ្រ និងផ្ដល់ជំនួយបច្ចេកទេសផ្សេងៗដល់កម្ពុជា ដើម្បីគាំទ្រដល់ដំណើរ ការ ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសវិស័យពាណិជ្ជកម្ម។ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្ដពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត៕