ថៃ បានឯកភាពឱ្យដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកស្ទឹងបត់-ណងអៀន ក្នុងក្រុងប៉ោយប៉ែត នៅខែមករា


 (ថៃ)៖ តាមរយៈលោក ជូរិន ឡាក់សាណាវីសិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានប្រកាសឱ្យដឹងថា ភាគីថៃឯកភាពឱ្យដំណើរការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ នៅ ច្រកស្ទឹងបត់-ណងអៀន ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

ច្រកស្ទឹងបត់-ណងអៀន គឺជាច្រកអន្តរជាតិថ្មីមួយ ដែលកម្ពុជា និងថៃ បានឯកភាពកសាងឡើង ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ហើយច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ទុកសម្រាប់បម្រើការធ្វើដំណើរតបស់អ្នកទេសចរ។

ដើម្បីបម្រើដល់ដំណើរការច្រកព្រំដែនអន្តរជាតិនេះ កម្ពុជា និងថៃ បានសាងសង់ស្ពានឆ្លងកាត់ ព្រំដែនមួយខ្សែ ហើយបានសាងសង់អគាររដ្ឋបាលផ្សេងៗសម្រាប់ផ្តល់សេវានៅច្រកមួយនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញតភ្ជាប់ស្ពានឆ្លងកាត់ព្រំដែនប្រទេស ទាំងពីរ និងបើកការដ្ឋានសាងសង់អគាររដ្ឋបាលផ្សេងៗកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

បច្ចុប្បន្នទាំងភាគីកម្ពុជា និងថៃ កំពុងពន្លឿនការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បី ផ្តល់សេវាលើការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។ ការសាងសង់បានរួចរាល់ស្ទើរ តែទាំងស្រុងហើយផងដែរ។

ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិ សាស្ត្រថ្មីមួយសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បី ជំរុញ លើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាផងដែរ។

ចំពោះការបើកច្រកស្ទឹងបត់-ណងអៀននេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតំបន់ប៉ោយប៉ែតប្រែក្លាយ ជាតំបន់ អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ច ពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុង ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ៕