(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Teslaនៅពេលនេះមានតម្លៃនៅលើទីផ្សារ រហូតដល់ ១ពាន់ពាន់លានដុល្លារជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រនៃក្រុមហ៊ុនផលិតរថយន្ត អគ្គិសនី បន្ទាប់ពីក្រុមហ៊ុន Hertz បានប្រកាសទិញ រថយន្ត ពី Tesla ចំនួន ១០០០០០គ្រឿង ក្នុងតម្លៃប្រហែលជា ៤,២ពាន់លានដុល្លារអាមេរិក និងជាកិច្ចព្រមព្រៀងទិញលក់ខ្ពស់បំផុតនៅក្នុង ប្រវត្តិសាស្ត្ររថយន្តអគ្គិសនី។យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនផ្ដល់ សេវាកម្មជួលរថយន្ត Hertz បានធ្វើការបញ្ជាទិញរថយន្តអគ្គិសនីពីក្រុមហ៊ុន Tesla ចំនួន ១០០០០០គ្រឿង ហើយរំពេច ភ្លាមនោះ តម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏កើនឡើងភ្លាមផងដែរ ដែលបានជំរុញឱ្យក្រុមហ៊ុន មួយនេះមានតម្លៃនៅលើទីផ្សារសរុបចំនួន ១ពាន់ពាន់លានដុល្លារអាមេរិក។
បច្ចុប្បន្ននេះ ក្រុមហ៊ុនអាមេរិកដូចជា Apple, Amazon និង Microsoft គឺសុទ្ធតែមានតម្លៃនៅលើ ទីផ្សារហ៊ុនលើសពី ១ពាន់ពាន់លានដុល្លារ ប៉ុន្តែសម្រាប់ Tesla គឺជាប្រវត្តិសាស្ត្រដំបូងនៃក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីដែលឈានដល់កម្រិតកំពូលមួយនេះ ខណៈដែល កិច្ចព្រមព្រៀង ទិញរថ យន្តរវាង Tesla និង Hertz មានតម្លៃប្រហែល ៤,២ពាន់លានដុល្លារអាមេរិក៕