(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បញ្ជាក់ថា ប្រធានាធិបតីអា មេរិក លោក ចូ បៃដិន នឹងដឹកនាំក្រុមប្រតិភូរបស់លោក ចូលរួមក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេ អូជាមួយអាស៊ាន នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ ជាលើកដំបូងបំផុតក្នុងរយៈពេល ៤ឆ្នាំមកនេះដែលទីក្រុងវ៉ាស៊ីនតោនចូលរួមក្នុងកិច្ចប្រជុំកម្រិតកំពូលជាមួយប្លុកមួយនេះ។ ស្ថានទូតអាមេរិកប្រចាំប្រទេសប្រ៊ុយណេ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងទៀតថា លោក បៃដិន នឹងដឹកនាំក្រុមប្រតិភូអាមេរិកចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ជាផ្នែកមួយ នៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាននៅក្នុងសប្ដាហ៍នេះ។ សហរដ្ឋអាមេរិក មិនធ្លាប់បានចូលរួមក្នុងកិច្ច ប្រជុំកម្រិតប្រធានាធិបតីនោះទេ ចាប់តាំងពីអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ មានវត្តមាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៧មក។
ក្រុមអ្នកវិភាគយល់ថាជំនួបរវាងលោក បៃដិន និងមេដឹកនាំអាស៊ានទាំង១០ គឺឆ្លុះបញ្ចំងពីកិច្ចខិតខំ ប្រឹងប្រែងនៃរដ្ឋបាលរបស់លោកក្នុងការប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្ត និងប្រទេសដៃគូ ក្នុងតំបន់អាស៊ី ដើម្បីខ្ទប់ការកើនឡើងឥទ្ធិពលចិន។ នៅក្នុងជំនួបកំពូលជាមួយអាស៊ាន លោក បៃដិន ត្រូវបានគេ រំពឹងថានឹងផ្ដោតសំខាន់លើ កិច្ចសហប្រតិបត្តិការចែកចាយវ៉ាក់សាំងបង្ការ COVID-19, ការប្រែ ប្រួលអាកាសធាតុ, ខ្សែចង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
មិនតែប៉ុណ្ណោះលោកក៏ត្រូវបានគេរំពឹងដែរថានឹងធ្វើការធានាមួយចំពោះអាស៊ានថាកិច្ចសន្ទនាសន្តិសុខចតុភាគីជាមួយឥណ្ឌា, ជប៉ុន និងអូស្ត្រាលី ឬហៅកាត់ថាក្វាដ (Quad) រួមទាំងសម្ព័ន្ធភាពត្រី ភាព AUKUS ដែលនឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នឹងមិន បំផ្លាញតួនាទីរបស់អាស៊ាន នៅក្នុងតំបឡើយ៕