គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានជាង៨៣%ហើយ គ្រោងរួចរាល់នៅចុង ឆ្នាំ២០២១នេះ តាមផែនការកំណត់


 (សៀមរាប)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍន ភាពគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ។

ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះ ដើម្បីពិនិត្យមើលគុណភាពផ្លូវ ការងារអ៊ុតកៅស៊ូ (AC) ស្រប តាមលក្ខណៈបច្ចេកទេស ដែលនឹងធ្វើឱ្យឃើញយ៉ាងច្បាស់នូវមុខមាត់ថ្មី នៃក្រុងមួយនេះ ព្រមទាំង ការតភ្ជាប់ប្រព័ន្ធលូចាស់-ថ្មី ដើម្បីសម្រួលកុំឱ្យលិចទឹក និងអាចឱ្យប្រជាពលរដ្ឋ អាចអាស្រ័យប្រើ ប្រាស់បាន និងដើម្បីពិនិត្យមើលវឌ្ឍនភាព ការងាររួម និងផ្តល់គោលការដោះស្រាយនូវបញ្ហាប្រ ឈមនានា ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបាន ត្រឹម ត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់ បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនេះគិត ត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងរយៈពេលជាង ១១ខែនេះ សម្រេចបាន៨៣.៨៧% នៃទំហំ ការងារសរុប (២%លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនានៅចុងខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែ ក្លាយក្រុងសៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញ ដោយ សោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើន សំដៅលើក ស្ទួយ សេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីក ចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ ស្រ យាលផងដែរ។

សូមជម្រាបថា  ការសាងសង់ត្រូវបានបែងចែកជា៤ប្រភេទរួមមាន៖ ផ្លូវជួសជុលដោយ អ៊ុតបេតុង កៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥.៨៧៦គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយ ក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ (AC) ពីលើកម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ម៉ែត្រ, ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ (AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០.៨គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាល បេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥២.៥គីឡូម៉ែត្រ៕