សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ កំពុងដឹកនាំមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួមនិងកិច្ច ប្រជុំកំពូលពាក់ព័ន្ធមួយចំនួនតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២១នេះ មានប្រទេសព្រុយណេ ជាម្ចាស់ផ្ទះ តែដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យមេដឹកនាំប្រទេសពាក់ព័ន្ធកិច្ចប្រជុំទាំងអស់ មិនអាចចូលរួមដោយផ្ទាល់នោះឡើយ ហើយត្រូវជំនួសតាមប្រព័ន្ធវីដេអូវិញ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមសម្តេចតេជោ ចូលរួមកិច្ចប្រជុំទាំងនេះ រួមមាន៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ទៀត។

យោងតាមក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើបទ អន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖
– ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩
– កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២
– កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤
– កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩
– កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤
– កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១
– កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤
– កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦
– កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និង
– កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ មានរយៈពេល៣ថ្ងៃ ចាប់ពី ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា។ នៅថ្ងៃចុងក្រោយសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើ បទអន្តរាគមន៍ នៅក្នុងពិធីបិទ ក្រោយពីព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូន មកកម្ពុជា៕