(តូក្យូ)៖ យោងតាមកាសែត Nikkei Asia អោយដឹងថា ប្រទេសជប៉ុន នឹងជំរុញក្រុមប្រទេសផលិត ប្រេងឱ្យបង្កើនទិន្ននផលប្រេង និងបន្ធូរបន្ថយតម្លៃប្រេងឆៅសកលដែលកំពុងកើនឡើង ដែលបាន បង្កផលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន និងថវិកាគ្រួសារ។
កាសែត Nikkei Asia បានរាយការណ៍ថា ផែនការបញ្ចុះបញ្ចូលក្រុមប្រទេសផលិតប្រេងនេះ ដោយ សហការជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ធ្វើឡើងតាមការណែនាំរបស់នាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុនគឺលោក Fumio Kishida។ រដ្ឋាភិបាលក្រុងតូក្យូក៏សម្លឹងឆ្ពោះទៅរកការផ្តល់ការគាំទ្រ ដល់ឧស្សាហកម្មដែលរងផលប៉ះពាល់ផងដែរ ខណៈដែលក្រុមមន្ត្រីមកពីក្រសួងពាក់ព័ន្ធបាន ជួបប្រជុំកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សារិះរកវិធីដដោះស្រាយបញ្ហាឡើងថ្លៃប្រេង។
កាសែត Nikkei Asia បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Hirokazu Matsuno លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន (Chief Cabinet Secretary) ថា រដ្ឋាភិបាលជប៉ុននឹងឆ្លើយតប ភ្លាមៗដើម្បីធ្វើឱ្យប្រាកដថា មិនមានការអាក់ខានដល់ឧស្សាហកម្ម ឬជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋជប៉ុន ។ តម្លៃប្រេងលក់រាយនៅជប៉ុនមានតម្លៃជាមធ្យម ១៦២,១យ៉េន (១,៤២ដុល្លារ) ក្នុងមួយលីត្រ កាលពីថ្ងៃទី១១ ខែតុលា ដែលជាតម្លៃថ្លៃបំផុតក្នុងរយៈពេល ៧ឆ្នាំ។
ចំណែកតម្លៃប្រេងឆៅវិញ ប្រេងឆៅប្រភេទ Brent ឡើងថ្លៃ ១ភាគរយ ដល់ ៨៥,៧៣ដុល្លារក្នុងមួយ បារែលកាលពីថ្ងៃចន្ទន ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីខែតុលា ឆ្នាំ២០១៨ ខណៈដែលប្រេងឆៅ ប្រភេទ West Texas Intermediate (WTI) បានឡើងថ្លៃ ១,៤ភាគរយដល់ ៨៣,៤ដុល្លារក្នុងមួយ បារែល ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីខែតុលា ឆ្នាំ២០១៤។
ជប៉ុននឹងធ្វើការងារជាមួយទីភ្នាក់ងារ IEA ដើម្បីស្នើឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រូម និងប្រទេសផលិតប្រេងធំៗផ្សេងទៀតឱ្យបង្កើនទិន្នផលប្រេងឆៅ។ ក្រុមប្រទេស OPEC Plus ដែលរួមបញ្ចូលទាំងរដ្ឋដែលមិនមែនជាសមាជិករបស់អង្គការ OPEC ដូចជាប្រទេសរុស្ស៊ី កាល ពីថ្ងៃទី៤ ខែតុលា បានសម្រេចចិត្តរក្សាផលិតកម្មប្រេងប្រចាំខែវិច្ឆិកាស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់មួយ។
ក្រុមប្រទេសផលិតប្រេងកំពុងដំឡើងផលិតកម្មប្រេងសន្សឹមៗមកវិញ ដែលកន្លងមកប្រទេសនេះ ទាំងនេះបានកាត់បន្ថយទៅតាមការព្រមព្រៀងនៅខែឧសភា ឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹង ការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែការផ្គត់ផ្គង់មិនទាន់បានឆ្លើយតបទៅនឹងតម្រូវការដែលកើនឡើងកាន់តែខ្ពស់នៅឡើយទេ។
កាសែត Nikkei Asia បានរាយការណ៍ថា លោក Koichi Hagiuda រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សា ហកម្មជប៉ុនបានឱ្យដឹងបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃចន្ទម្សិលមិញថា លោកមានបំណងជជែកជាមួយក្រុម ប្រទេសផលិតប្រេងនៅមុនពេលកិច្ចប្រជុំរបស់ក្រុមប្រទេសផលិតប្រេង OPEC Plus មកដល់ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែវិច្ឆិកាខាងមុខ។
លោកថ្លែងថា៖ «ខ្ញុំត្រៀមរៀបចំញ្ញត្តិរបស់ខ្ញុំដើម្បីដាក់ជូនប្រទេសជាសមាជិករបស់អង្គការ OPEC តាមរយៈការជជែកផ្ទាល់តាមអនឡាញ»៕