រដ្ឋមន្ត្រីពាណិជ្ជកម្ម សង្ឃឹមថា សេចក្តីថ្លែងការណ៍ស្តីពីពាណិជ្ជកម្ម ដែលនឹងប្រកាសនៅសន្និសីទ ថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់ WTO នឹងរួមចំណែកជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច


 (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញក្តីរំពឹងទុករបស់ខ្លួនថា សេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើពាណិជ្ជកម្មរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលនឹងត្រូវប្រកាសជា ផ្លូវការនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នឹងក្លាយជាយន្តការមួយបន្ថែមទៀត ជួយជំរុញដល់កំណើនពាណិជ្ជកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។

ក្តីរំពឹងរបស់ ឯកឧត្តម រដ្ឋមន្ត្រី ត្រូវបានបង្ហាញឡើង ក្នុងពេលរូបលោក អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋ មន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួចតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីថ្លែងការណ៍ រួមនេះ សម្រាប់ដាក់ជូនសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។

ក្នុងកិច្ចប្រជុំនោះឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបអង្គប្រជុំអំពីគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដោយ កម្ពុជាបានទទួលនូវផលប្រយោជន៍ជាច្រើន តាមរយៈប្រព្រឹត្តកម្មពិសេស និងដោយឡែកក្រោម ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនេះ។

សេចក្ដីប្រកាសនៃរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួច បានដាក់ចេញនូវគោលការណ៍ និងជំហររបស់ ប្រទេសអភិវឌ្ឍន៍តិចតួច ជូនសមាជិកអង្គការពាណិជ្ជកម្មពិភពលោកទាំងអស់ ពិនិត្យ និងសម្រេច លើការចរចាទៅលើប្រធានបទអាទិភាពរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីលើកកម្ពស់ការនាំចេញ របស់ប្រទេសអភិវឌ្ឍន៍តិចតួច ទៅក្នុងទីផ្សារពិភពលោក។

ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ សង្ឃឹមថា គោលការណ៍ និងជំហររបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលបានដាក់ចេញនៅក្នុងសេចក្ដីប្រកាសនេះ នឹងត្រូវបានសមាជិកដទៃទៀតយកទៅពិចារណា យ៉ាងល្អិតល្អន់ ដើម្បីទទួលបាននូវលទ្ធផលដែលមានសមតុល្យ និងផលប្រយោជន៍ជារួម សម្រាប់ ប្រទេសអភិវឌ្ឍន៍តិចតួច និងសម្រាប់សមាជិកដទៃទៀត ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោក ផងដែរ។

សូមជម្រាបជូនថាសេចក្ដីប្រកាសនៃរដ្ឋមន្ត្រីប្រទេសអភិវឌ្ឍន៍តិចតួចនៅអង្គការពាណិជ្ជកម្មពិភពលោក បានដាក់ចេញនូវគោលការណ៍ និងជំហរលើប្រធានបទដូចជា វិធានដើមកំណើតទំនិញ ការលើកលែងសេវាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ទីផ្សារមិនជាប់កូតា និងមិនជាប់ពន្ធគយ សេចក្ដីសម្រេចលើការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ការចូលជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក ការឆ្លើយតបទៅនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ឧបត្ថម្ភធនក្នុងវិស័យ ជលផល ការចរចាលើកសិកម្ម ប្រព្រឹត្តកម្មពិសេសនិងដោយឡែក កំណែទម្រង់អង្គឧទ្ធរណ៍នៃអង្គ ការពាណិជ្ជកម្មពិភពលោក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពទាក់ ទងនឹងពាណិជ្ជកម្មនៃកម្មសិទ្ធិបញ្ញា កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម កម្មវិធីក្របខណ្ឌ ពង្រឹងសមាហរណកម្ម និងជំនួយសម្រាប់ពាណិជ្ជកម្ម៕