ឯកឧត្តម ប៉ា សុជាតិវង្ស ត្រូវបានរាជរដ្ឋាភិបាល ស្នើរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាទេស រដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស


 (ភ្នំពេញ)៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាល ស្នើទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងនាមជាសមាជិកនៃរាជរដ្ឋាភិបាល ដែលមានឋានៈជាជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

សំណើនេះបានទៅដល់រដ្ឋសភាហើយ ដោយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ កាលពីម្សិលមិញ ដោយបាអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញ បន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួល បន្ទុកបេសកកម្មពិសេស ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ធ្វើការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត។

ទោះជាយ៉ាងនេះក្តី ពេលនេះរដ្ឋសភា មិនទាន់កំណត់កាលបរច្ឆេទសម្រាប់បើកកិច្ចប្រជុំពេញអង្គ របស់ខ្លួននៅឡើយទេ។

ឯកឧត្តម ប៉ា សុជាតិវង្ស ធ្លាប់ត្រូវបានដំឡើងឋានៈជាប្រធានគណៈកម្មាការទី១ នៃរដ្ឋសភាអាណត្តិ ទី៦ ។ ប៉ុន្តែក្រោយមកលោកបានលាលែងពីតំណែងតំណាងរាស្រ្ត និងប្រធានគណៈកម្មការនេះ ដើម្បីមកកាន់តំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ឯកឧត្តម ក៏ធ្លាប់ជាអភិបាលរាជធានី ភ្នំពេញ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧៕