(ភ្នំពេញ)៖ យោងតាមការធ្វើស្ថិតិចាក់វ៉ាក់សាំងដែលរៀបចំដោយ Financial Time បានរកឃើញថា ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេស ដែលបាននាំមុខគេលើការ ងារចាក់វ៉ាក់សាងបង្ការជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសនានានៅលើពិភពលោក។
យោងតាមស្ថិតិដែលរៀបចំដោយ Financial Time បានបង្ហាញថា បើគិតពីអត្រាប្រជាពលរដ្ឋចាក់ បានមួយដូស កម្ពុជាឈរនៅលំដាប់ទី៥ ហើយបើគិតពីអត្រាប្រជាពលរដ្ឋដែលបានចាក់ពីរដូសវិញ គឺកម្ពុជាឈរនៅលេខលំដាប់ទី១៦។
តាមរយៈស្ថិតិ បានបង្ហាញថា កម្ពុជា ឈរនៅលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី សម្រាប់នៅអាស៊ី អាគ្នេយ៍។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូន ប្រជាពលរដ្ឋចាប់ពីអាយុ ៦ឆ្នាំឡើង បានជាង ១៣.៥លាននាក់ហើយ ស្មើនឹងប្រមាណ ៨៤.៥៥ ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។
លទ្ធផលដែលសម្រេចបាននេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការដាក់ចេញនូវផែនការ និង យុទ្ធសាស្ត្រមួយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជា ប្រមុខ។ ខណៈដែលកម្ពុជា ជិតឈានដល់ការបិទបញ្ចប់ដូសទី១ និងទី២ហើយនោះ នៅពេលនេះ កម្ពុជា ក៏កំពុងចាប់ផ្តើមចាក់ដូសទី៣ផងដែរ។
លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំង បានធ្វើឱ្យពលរដ្ឋកម្ពុជាសម្តែងការសាទរ និងពេញចិត្តជាខ្លាំង។ ក្រៅតែពីពលរដ្ឋកម្ពុជាហើយនោះ អង្គការសុខភាពពិភពលោក អង្គការ អភិវឌ្ឍន៍អន្តរជាតិ និងបណ្តាប្រទេសជាមិត្ត ព្រមទាំងជនបរទេសមួយចំនួន បានបង្ហាញការកោត ស្ញប់ស្ញែងចំពោះកម្ពុជា។
តាមរយៈលទ្ធផលនេះ គេរំពឹងថា កម្ពុជា អាចនឹងឈានទៅបើកសកម្មភាពសេដ្ឋកិច្ច និងសង្គម បានកាន់តែទូលាយឡើងវិញ ហើយអាចធ្វើឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញផងដែរ៕