រដ្ឋធំបំផុតនៅអូស្ត្រាលី សន្យាដកការរឹតត្បិតបន្ថែមទៀត ក្រោយអត្រាចាក់វ៉ាក់សាំងសម្រេចបានពី ៨០-៩០%


 (ស៉ីដនី)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ គឺបានអោយដឹងថា រដ្ឋញូសោតវែលស៍ (New South Wales) អាចបន្ធូរបន្ថយ វិធានការរឹតត្បឹតបន្ថែមទៀត នៅទីក្រុងស៊ីដនី រយៈពេលមួយសប្តាហ៍មុនការគ្រោងទុកនៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ ខណៈ រដ្ឋដែលមានប្រជាជនច្រើនបំផុត របស់ប្រទេសអូស្រ្តាលីមួយនេះ កំពុង ឆ្ពោះទៅគោលដៅផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) ជូន ដល់ប្រជាជនប្រមាណ ៨០ភាគរយហើយ។

អភិបាលរដ្ឋ NSW លោក ដូមីនិច ភែរ៉ូតថេត (Dominic Perrottet) បានគូសបញ្ជាក់ប្រាប់វិទ្យុ ABC អូស្ត្រាលីថា «ប្រសិនបើយើងឈានដល់គោលដៅ ផ្ដល់ការចាក់វ៉ាក់សាំងឱ្យបានពេញលេញ ជូនដល់ ប្រជាជនរបស់យើងប្រមាណ ៨០ភាគរយ នោះការបន្ធូរបន្ថយនឹងកើតឡើងនៅថ្ងៃចន្ទសប្ដាហ៍ ក្រោយនេះ។ យើងនឹងមានការពិភាក្សាលើបញ្ហានេះ ជាមួយក្រុមរបស់យើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះ ហើយយើងនឹងធ្វើការសម្រេចចិត្ត ដើម្បីធ្វើសេចក្ដីប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ»

ហាងលក់ទំនិញ ហាងស្រា និងកន្លែងហាត់ប្រាណ ត្រូវបានអនុញ្ញាតឱ្យទទួលអថិតិជន ដែលបាន ទទួលការចាក់វ៉ាក់សាំងពេញលេញ ក្នុងចំនួនបន្ថែមទៀត នៅពេលអត្រាចាក់វ៉ាក់សាំងឈាន ដល់ប្រមាណ ៨០ភាគរយ។ ដោយឡែកការពាក់ម៉ាសនៅខាងក្នុងការិយាល័យ ក៏មិនត្រូវតម្រូវឱ្យ អនុវត្តទៀតដែរ។ រីឯក្លឹបរាត្រី អាចបើកដំណើរការឡើងវិញបាន សម្រាប់ការអង្គុយផឹកស្រាធម្មតា ខណៈពិធីមង្គលការអាចទទួលភ្ញៀវចូលរួម ដោយគ្មានការកំណត់ចំនួនមនុស្សឡើយ៕