គ្គលេខាធិការ UN៖ «សន្និសីទទីក្រុង Glasgow ត្រូវតែជាចំណុចរបត់ នៃសកម្មភាពអាកាសធាតុ»


 (យូអិន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ របស់ អង្គការសហប្រជាជាតិ (COP26) នៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន នៅក្នុង ខែវិច្ឆិកាខាងមុខនេះ ត្រូវតែជាចំណុចរបត់មួយ សម្រាប់សកម្មភាពពាក់ព័ន្ធនឹងអាកាសធាតុ។

អគ្គលេខាធិការ UN បានថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៦ នៃសម្ពន្ធរដ្ឋមន្រ្តីហិរញ្ញវត្ថុសម្រាប់ សកម្មភាពអាកាសធាតុ តាមរយៈសារជាវីដេអូមួយថា «COP26 ត្រូវតែជាចំណុចរបត់មួយ ប្រសិន បើយើងបំពេញតាមការសន្យា ដូចមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីកំណត់ការឡើង កម្តៅផែនដី…. ដើម្បីការពារប្រជាជនពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងធានាថាលំហូរ ហិរញ្ញវត្ថុទាំងអស់ ស្របគ្នាជាមួយគោលដៅ នៃការបំភាយឧស្ម័នពុលក្នុងកម្រិតសូន្យ និងការអភិវឌ្ឍ ប្រកបដោយចីរភាព»

លោកអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ផងដែរថា ខណៈកិច្ចប្រជុំ COP26 កាន់តែខិតជិតមកដល់ លោកនៅតែមានការព្រួយបារម្ភយ៉ាងពិតប្រាកដ ចំពោះការខ្វះភាពរីកចម្រើន ទៅលើអាទិភាព ទាំងនេះ។ លោក Guterres បានថ្លែងថា កញ្ចប់នយោបាយដែលនឹងត្រូវផ្តល់ជូន នៅក្នុងសន្និសីទ ទីក្រុង Glasgow ត្រូវការយ៉ាងតិចមានធាតុសំខាន់បីយ៉ាង នោះគឺការកាត់បន្ថយការបំភាយ ឧស្ម័នពុល, ការផ្តល់ហិរញ្ញប្បទានសម្រាប់សកម្មភាពអាកាសធាតុ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍ និងការបន្សាំអាកាសធាតុ។

ដោយសារជំងឺរាតត្បាតសកល COVID-19 និងការប្រែប្រួលអាកាសធាតុ បង្កឱ្យមានបញ្ហាប្រឈម ថ្មីៗ និងប្លែកៗសម្រាប់ប្រទេសមានចំណូលទាប និងមធ្យម លោកអគ្គលេខាធិការ UN បានស្នើឱ្យ រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំខាងលើនេះ ពិនិត្យឡើងវិញនូវកម្រិតនៃទទួលបានជំនួយអភិវឌ្ឍ ផ្លូវការ ដើម្បីកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់ប្រទេសទាំងនោះ៕