ធនាគារ ADB បង្កើនការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជា ដល់ទំហំទឹកប្រាក់ ១០០ពាន់លានដុល្លារ


 (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនកំពុងបង្កើនមហិច្ឆតា ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេស កំពុងអភិវឌ្ឍន៍ជា សមាជិករបស់ខ្លួន ក្នុងនោះរួមទាំងកម្ពុជាផងដែរ ដល់ទឹកប្រាក់ ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១៩-២០៣០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាន។

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ថ្លែងសេចក្តីប្រកាសព័ត៌មានថា  «ការប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិកនឹងឈ្នះ ឬក៏ចាញ់។ វិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ដែលជំរុញឱ្យអ្នកពាក់ព័ន្ធជាច្រើន អំពាវនាវ ឱ្យមានការបង្កើនហិរញ្ញវត្ថុគាំទ្រ ផ្នែកអាកាសធាតុ។ យើងកំពុងចាត់វិធានការ ដើម្បីឆ្លើយតបតាម ការអំពាវនាវនេះ ដោយបង្កើនមហិច្ឆតា របស់យើងដល់ ១០០ ពាន់លានដុល្លារ សម្រាប់ហិរញ្ញវត្ថុ អាកាសធាតុ ត្រឹមឆ្នាំ ២០៣០ ដោយប្រើធនធាន របស់យើងផ្ទាល់»

នៅឆ្នាំ២០១៨ ADB បានប្តេជ្ញាធានាយ៉ាងហោច ៧៥% នៃចំនួនប្រតិបត្តិការសរុបរបស់ខ្លួនគាំទ្រ សកម្មភាពទាក់ទងនឹងអាកាសធាតុហើយធនធានហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួនឈានដល់យ៉ាងហោចណាស់ ៨០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០។ ការប្រកាសថ្ងៃ នេះបង្កើនមហិច្ឆតានៃការ ផ្តល់ហិរញ្ញប្បទានទាំងនេះ។

ធនាគារអភិវឌ្ឍន៍អាស៊ីរំពឹងថាហិរញ្ញប្បទានអាកាសធាតុសរុបដោយប្រើធនធានរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩-២០២១ នឹងឈានដល់ប្រមាណ ១៧ ពាន់លានដុល្លារ។

មហិច្ឆតាហិរញ្ញវត្ថុដែលបានបង្កើននេះ គឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការ គាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន (DMCs)។ ជាមួយការប្រឈមមុខនឹងបញ្ហាប្រទាក់ក្រឡាគ្នានៃជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិអាកាសធាតុ DMCsជាច្រើនកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីលើកកម្ពស់ការងើបឡើងវិញប្រកបដោយបៃតង ធន់ និងបរិយាប័ន្ន។

ថវិកាចំនួន២០ ពាន់លានដុល្លារបន្ថែមនេះ នឹងផ្តល់ការគាំទ្រដល់របៀបវារៈអាកាសធាតុនៅក្នុង វិស័យសំខាន់ៗចំនួន ៥គឺ៖

* ទីមួយ មធ្យោបាយថ្មីសម្រាប់កាត់បន្ថយការប្រែប្រួលអាកាសធាតុ រួមមានការរក្សាថាមពលប្រសិទ្ធ ភាពថាមពល និងការដឹកជញ្ជូនកាបូនទាប។ ADB រំពឹងថាហិរញ្ញប្បទានសរុបសម្រាប់កាត់ បន្ថយ ការប្រែប្រួលអាកាសធាតុរបស់ខ្លួននឹងឈានដល់ ៦៦ ពាន់លានដុល្លារ។

* ទីពីរ គម្រោងពង្រីកការសម្របទៅនឹងការប្រែប្រួល។ គម្រោងក្នុងវិស័យងាយរងផលប៉ះពាល់ដោយសារអាកាសធាតុទាំងនេះ ដែលរួមមានដូចជា សេវាទីក្រុង កសិកម្ម និង ទឹក នឹងត្រូវបាន រចនាឡើងក្នុងគោលបំណងចម្បងសម្រាប់ការបន្សាំនឹង អាកាសធាតុប្រកបដោយប្រសិទ្ធភាព និងការបង្កើនភាពធន់។ ADB រំពឹងថាហិរញ្ញប្បទានសរុប របស់ខ្លួនសម្រាប់សកម្មភាពបន្ស៊ាំនេះ នឹងកើនដល់ ៣៤ ពាន់លានដុល្លារ។

* ទីបី ការបង្កើនហិរញ្ញវត្ថុអាកាសធាតុក្នុងប្រតិបត្តិការវិស័យឯកជនរបស់ ADB។ វារួមបញ្ចូលទាំងការបង្កើតគម្រោង ដែលអាចធ្វើពាណិជ្ជកម្មបានបន្ថែមទៀតសម្រាប់ទាំង ADB និងវិនិយោគិន ឯកជន។ ការពង្រីកនេះនឹងត្រូវបានគាំទ្រដោយការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការការស្តារឡើងវិញពីជំងឺរាតត្បាតនូវតម្រូវការទីផ្សារសម្រាប់ការផ្តល់ហិរញ្ញប្បទាន បច្ចេកវិទ្យានិង ការច្នៃប្រឌិតថ្មីក្នុង ការផ្តល់ហិរញ្ញប្បទានអាកាសធាតុ និង វិស័យអាជីវកម្មថ្មីសម្រាប់ប្រតិបត្តិការ អាកាសធាតុឯកជន។ ADB មានបំណងគាំទ្រគំនិតផ្តួចផ្តើមទាំងនេះ ជាមួយនឹងទឹកប្រាក់សរុបចំនួន ១២ ពាន់លានដុល្លារ សម្រាប់វិស័យហិរញ្ញវត្ថុអាកាសធាតុឯកជន ដោយប្រើធនធានផ្ទាល់របស់ខ្លួន ហើយរំពឹងថានឹង អាចកៀរគរចំនួនទឹកប្រាក់បន្ថែមពី ១៨ ពាន់លានដុល្លារទៅ ៣០ ពាន់លានដុល្លារសម្រាប់ការងារ នេះ។

* ទីបួន គាំទ្រដល់ការងើបឡើងវិញបៃតង ធន់ និងបរិយាប័ន្ន ពីជំងឺកូវីដ១៩ រួមទាំងតាមរយៈ វេទិកាហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត ដូចជា វេទិកាយន្តការហិរញ្ញវត្ថុបៃតង និងការស្តារ ឡើងវិញបៃតង ជាកាតាលីករអាស៊ាន (ASEAN Catalytic Green Finance Facility and Green Recovery Platform) ដែលត្រូវបានគេរំពឹងថានឹងផ្តល់មូលនិធិពីទីផ្សារមូលធននិងវិនិយោគិន វិស័យឯកជនសម្រាប់ ហេដ្ឋារចនាសម្ព័ន្ធកាបូនទាប។

* ទីប្រាំ ការគាំទ្រដល់ការធ្វើកំណែទម្រង់នៅក្នុង DMCs ដើម្បីដំណើរការសកម្មភាពផ្តល់ប្រាក់កម្ចី ផ្អែកលើគោលនយោបាយគាំទ្រដល់គោលនយោបាយ និងស្ថាប័ននានាសម្រាប់ការពង្រឹងភាពធន់ នឹងអាកាសធាតុ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

តាមរយៈវិស័យទាំងនេះ ADB នឹងបន្តពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើ អាកាសធាតុ និងប្រមូលទុនឯកជន ដើម្បីគាំទ្រហិរញ្ញវត្ថុអាកាសធាតុ៕