(គូឡាឡាំពួ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័តមាន Reuters នាល្ងាចថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ អោយដឹងថា រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី នៅថ្ងៃអង្គារនេះបាននិយាយ ថា ម៉ាឡេស៉ីរំពឹងចង់ឃើញអាស៊ាន មូលមតិគ្នាយ៉ាងច្បាស់លាស់មួយ ឆ្លើយតបនឹងសម្ពន្ធភាព សន្តិសុខត្រីភាគី A-UK-US រវាងអូស្រ្តាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ សម្ពន្ធភាព AUKUS ត្រូវបានប្រកាសបង្កើតឡើង កាលពីខែកញ្ញាកន្លងទៅនេះ ស្ថិតក្នុងគោលដៅចម្បងមួយ ដែលត្រូវអ្នកវិភាគភាគច្រើនយល់ថា ដើម្បីឆ្លើយតបចំពោះឥទ្ធិពលចិននៅតំបន់អាស៉ីអាគ្នេយ៍ ជាពិសេសនៅសមុទ្រចិនខាងត្បូង ដែលមានសារៈសំខាន់ជាខ្លាំងផ្នែកយុទ្ធសាស្រ្ត និងជាតំបន់ កំពុងមានបញ្ហាវិវាទផងដែរ។
ប្រទេសអាស៊ានមួយចំនួន ត្រូវគេសង្កេតឃើញថា បានបង្ហាញគោលជំហរផ្សេងគ្នា ដោយឥណ្ឌូ ណេស៊ី និងម៉ាឡេស៉ីបានព្រមានថា វាអាចនាំទៅរកការរត់ប្រណាំងសព្វាវុធ ប៉ុន្តែហ្វីលីពីនវិញ ដែលជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក បានសម្តែងការគាំទ្រ។
ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៉ី លោក ហ៊ីសាមម៉ាត់ទីន ហ៊ូសសេន (Hishammuddin Hussein) បានថ្លែងប្រាប់សភាម៉ាឡេស៉ីថា កិច្ចប្រជុំជាមួយសមភាគីអាស៊ានរបស់លោក ដែល គ្រោងឡើងនៅខែក្រោយ នឹងផ្តល់ឱកាសដើម្បីឲ្យសមាជិកទាំងអស់ អាចបង្ហាញការមូលមតិគ្នា លើការឆ្លើយតបរួមមួយចំពោះ AUKUS។ លោករដ្ឋមន្រ្តីការពារជាតិម៉ាឡេស៉ី បានសង្កត់ធ្ងន់ថា គោលដៅសំខាន់បំផុត គឺធ្វើយ៉ាងណារក្សាស្ថិរភាពក្នុងតំបន់ ដោយមិនខ្វល់ពីតុល្យភាពអំណាចរវាង សហរដ្ឋអាមេរិក និងប្រទេសចិនឡើយ។
ជុំវិញការបង្កើតសម្ពន្ធភាព AUKUS ចិនបានលើកឡើងថា វាអាចបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរចំពោះ សុខសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប៉ុន្តែសហរដ្ឋអាមេរិកបានអះអាងថា AUKUS មិនបង្កការ គំរាម កំហែងចំពោះ សន្តិសុខនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិកនោះទេ ហើយក៏មិនមានគោលដៅអាក្រក់ លើប្រទេសណាមួយដែរ។ AUKUS មិនត្រឹមតែបង្កឲ្យប្រទេសអាស៊ីជាច្រើន មិនស្រណុកចិត្ត ប៉ុណ្ណោះទេ តែសម្ពន្ធភាពរវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេស ជាមួយសហភាពអឺរ៉ុបក៏ រងភាពប្រេះស្រាំផងដែរ៕