រយ:ពេល ៩ខែឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន១៣៤ ទុនវិនិយោគជាង ៣.៣ពាន់ លានដុល្លារ បង្កើតការងារថ្មីជាង៨ម៉ឺនកន្លែង


 (ភ្នំពេញ)៖ រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១៣៤គម្រោង សរុបទុនវិនិយោគជាង ៣.៣ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ២០២០ មានចំនួន ១៨៨គ្រោង ទុនវិនិយោគសរុប ជាង៦.៤ពាន់លានដុល្លារ។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ទៀតថា ការអនុម័តគម្រោងវិនិយោគសរុបចំនួន១៣៤គម្រោងនេះ ក៏បានបង្កើតចំនួន ការងារ ជូនប្រជាពលរដ្ឋបានចំនួន៨៥,៥៧២កន្លែង។

៩ខែឆ្នាំ២០២១នេះ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០១គម្រោង សរុប ទុនវិនិយោគ ១.៤ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៣គម្រោង សរុប ទុនវិនិយោគ ១.៩ពាន់លានដុល្លារ។ សម្រាប់វិស័យដែលវិនិយោគរួមមាន៖ កសិកម្ម និងកសិឧស្សា ហកម្ម មានចំនួន១២គម្រោង, ឧស្សាហកម្ម មានចំនួន១១១គម្រោង, ទេសចរណ៍មានចំនួន២ គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន៩គម្រោង។

ថ្លែងប្រាប់នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជ កម្មកម្ពុជា បានបញ្ជាក់ថា ការអនុម័តគម្រោងវិនិយោគរបស់កម្ពុជា រយៈពេល៩ខែឆ្នាំនេះ នៅមាន ភាពល្អប្រសើរ ដែលនេះជាសញ្ញាមួយដ៏ល្អ សម្រាប់ការវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

លោកជឿជាក់ថា នៅចុងឆ្នាំនេះ ឬក៏ឆ្នាំក្រោយ នឹងមានគម្រោងវិនិយោគស្នើសុំកាន់តែច្រើន ដើម្បី វិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោក បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿថា ចុងឆ្នាំនេះ ឬក៏ឆ្នាំបន្ទាប់នឹងមានគម្រោងវិនិយោគ ស្នើសុំ កាន់តែច្រើន ដើម្បីវិនិយោគ នៅក្នុងប្រទេសកម្ពុជា ទន្ទឹងពេលនៃការចាក់វ៉ាក់សាំងបានទូទាំង ប្រទេស»

ការកើនឡើងគម្រោងវិនិយោគត្រូវបានឧកញ៉ា លឹម ហេង អះអាងថា ដោយសារតែកម្ពុជា មានស្ថេរ ភាពនយោបាយល្អ ទន្ទឹមពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-កូរ៉េ ក៏ដូចជាច្បាប់វិនិយោគថ្មី នឹងត្រូវដាក់ឲ្យអនុវត្ដផងដែរ។ លើសពីនោះទៀត កម្ពុជាកំពុងតែមានភាពអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសអង់គ្លេស និង EBA ពីសហគមន៍អ៊ឺរ៉ុបផងដែរ៕