(សេអ៊ូល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលត្រូវបាន ដកស្រង់ដោយ Reuters នាព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ បានអោយដឹងថា មេដឹកនាំ កំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមន្ត្រីទាំងឡាយ គិតគូរជាសំខាន់ ទៅលើការ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មានភាពប្រសើរឡើង ចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែល ប្រទេសនេះកំពុងបន្តជួយប្រទះ។
ការថ្លែងរបស់លោក គីម ជុងអ៊ុន ដូចខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងឱកាសដែលលោកបានចូលរួម ក្នុងពិធីរំលឹកខួបទី ៧៦ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់ នៅក្នុងប្រទេសកូរ៉េខាងជើង។ ពិធីរំលឹកខួបឆ្នាំនេះ គឺមានតែ ការសម្តែងសិល្បៈ, បាញ់កាំជ្រួច, និងការដើរដង្ហែក្បួនបែបកម្សាន្តប៉ុណ្ណោះ ដោយពុំមានការធ្វើ ព្យុហយាត្រាយោធានោះឡើយ។
នៅក្នុងឱកាសនោះ លោក គីម ជុងអ៊ុន បានថ្លែងយ៉ាងដូច្នេះថា «មធ្យោបាយតែមួយគត់ សម្រាប់ ការជំរុញការងារដ៏សំខាន់ ដែលមិនធ្លាប់មានពីមុនមក ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា ក៏ដោយ នោះគឺគណបក្សទាំងមូលត្រូវតែរួបរួមគ្នា…។ មន្រ្តីទាំងឡាយមិនគួរប្រាថ្នាចង់បានឯកសិទ្ធិ និងការអនុគ្រោះឡើយ តែគួរគិតគូរជានិច្ចថា តើការងាររបស់ពួកគេរំលោភបំពាន ផលប្រយោជន៍ របស់ប្រជាជន ឬបង្កបញ្ហាដល់ប្រជាជន»៕