(វិចតូរៀ)៖ គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី បានកោះហៅអតីត រដ្ឋមន្ត្រីទទួលបន្ទុកសហគ្រាសខ្នាតតូច ប្រចាំរដ្ឋរដ្ឋវិចតូរៀ លោក Adem Somyurek ឱ្យបង្ហាញខ្លួន នៅក្នុងសវនាការសួរចម្លើយជាសាធារណៈមួយនៅសប្ដាហ៍ក្រោយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ កិបកេងលុយរដ្ឋ ខណៈដែលអំពើពុករលួយនេះអាច ជាប់ពាក់ព័ន្ធនឹងសមាគមចំនួន៣ ដែលក្នុងនោះក៏មានសមាគមខ្មែរ នៃរដ្ឋវិចតូរៀ (Cambodian Association of Victoria) ដែលដឹកនាំដោយលោក ជា យូ ហ៊ន ខណៈដែលលោក ហុង លីម ក៏ធ្លាប់បានដឹកនាំសមាគមនេះពេលកន្លងទៅផងដែរ នេះបើតាមការដកស្រង់ចេញផ្សាយពីសារ ព័ត៌មាន The Age ចេញផ្សាយនាពេលថ្មីៗ។
នេះគឺជាលើកដំបូងហើយដែលអតីតរដ្ឋមន្ត្រីប្រចាំរដ្ឋម្នាក់ បានក្លាយជាគោលដៅនៃការសួរចម្លើយ ពីគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋវិចតូរៀ (IBAC) ខណៈ ការស៊ើបអង្កេតនេះត្រូវបានគេ រំពឹងថា នឹងពង្រីកវិសាលភាពបន្ថែម ពោលមិនមែនត្រឹមតែការស៊ើបអង្កេតលើបុគ្គលតែម្នាក់នោះ ទេ។ សវនាការសួរចម្លើយខាងលើ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលាសប្ដាហ៍ក្រោយនេះ។
IBAC ក៏នឹងបើកការស៊ើបអង្កេតផងដែរ លើការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយលើមូលធិនិ សម្រាប់ជួយដល់សមាគមចំនួន៣ ក្នុងនោះរួមមាន៖ ក្រុមប្រឹក្សាពលរដ្ឋអូស្ត្រាលី ដើមកំណើតសូ ម៉ាលី នៃរដ្ឋវិចតូរៀ (Somali Asutralian Council Of Victoria), មូលនិធិអូស្ត្រាលីឡៃ (Australia Light Foundation), សមាគមខ្មែរ នៃរដ្ឋវិចតូរៀ (Cambodian Association of Victoria) ដឹកនាំដោយលោក ជា យូហ៊ន (Youhourn Chea) ជាបងថ្លៃរបស់លោក ហុង លីម (Hong Lim) អតីតសមាជិកសភា មកពីគណបក្សពលករអូស្ត្រាលី ដែលធ្លាប់ធ្វើជាប្រធាននៃសមាគមនេះនា ពេលកន្លងមក។ លោក ជា យូហ៊ន ប្រធានសមាគមខ្មែរ នៃរដ្ឋវិចតូរៀ ត្រូវបានគេលើកឈ្មោះនៅ ក្នុងខ្សែអាត់សំឡេងសម្ងាត់មួយថា ក៏ជាគ្នីគា្ននៃបក្ខពួករបស់លោក Somyurek ដែរ។ សមាគមខ្មែរនៃរដ្ឋវិចតូរៀ ប្រចាំទីក្រុង Springvale មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយបណ្ដាញបក្ខ ពួករបស់លោក Somyurek។
លោក Adem Somyurek រងការចោទប្រកាន់ថា បានកិបកេងលុយរដ្ឋយកទៅប្រើក្នុងបង្កើត បណ្ដាញបក្ខពួក ដើម្បីពង្រឹងអំណាចរបស់ខ្លួននៅក្នុងគណបក្សពលករ អូស្ត្រាលី (Labor Party)។ នៅក្នុងជួរគណៈកម្មាធិការនៃសមាគមទាំងនេះទៀតសោត មានសមាជិកខ្លះត្រូវបានលោក Somyurek អះអាងថា ជាបណ្ដាញរបស់លោក ឬមានជាប់ពាក់ព័ន្ធនឹងលោក Scott និងបក្ខពួក របស់លោក Somyurek៕