ម៉ាឡេស៊ីនឹងបើកឲ្យធ្វើដំណើររវាងរដ្ឋនានាឡើងវិញ ក្រោយការចាក់វ៉ាក់សាំងកូវីដ-១៩សម្រេចបាន «៩០%» សម្រាប់មនុស្សពេញវ័យ


 (គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អ៊ីស្មែល សាប្រ៊ី យ៉ាអាខូប (Ismail Sabri Yaakob) បាននិយាយថា នៅពេលដែលប្រមាណ ៩០ភាគរយ នៃចំនួនប្រជាជនពេញវ័យសរុបនៅក្នុង ប្រទេសម៉ាឡេស៊ី ត្រូវបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) ការធ្វើដំណើរវាងរដ្ឋមួយទៅរដ្ឋមួយ នឹងបើកដំណើរការឡើងវិញ ហើយប្រជាជនម៉ាឡេស៊ី នឹងមិនត្រូវបានតម្រូវឱ្យដាក់ពាក្យសុំ តាមរយៈកម្មវិធី ម៉ាយ ត្រាវែល ផាស (MyTravelPass) ដើម្បីធ្វើដំណើរទៅក្រៅប្រទេសនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។

លោក Ismail Sabri បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ កាលពីយប់ថ្ងៃអាទិត្យ ទី០៣ ខែតុលា ដោយសង្កត់ធ្ងន់ថា នៅពេលដែលយើងសម្រេចបាននូវគោលដៅ ចាក់វ៉ាក់សាំងជូនប្រជាជនពេញ វ័យរបស់យើងប្រមាណ ៩០ភាគរយ នោះប្រទេសម៉ាឡេស៊ីនឹង «បើកដំណើរការឡើងវិញស្ទើរតែ ទាំងស្រុង»។

លោក Ismail Sabri បានថ្លែងទៀតថា «ខ្ញុំជឿជាក់ថា ពេលវេលាសម្រាប់ការបើកដំណើរការឡើង វិញ នូវការធ្វើដំណើររវាងរដ្ឋមួយទៅរដ្ឋមួយ កាន់តែខិតជិតមកដល់ហើយ ខ្ញុំនឹងប្រកាសភ្លាមៗនៅ ពេលដែលអត្រាចាក់វ៉ាក់សាំង (សម្រាប់មនុស្សពេញវ័យ) ឈានដល់ ៩០ភាគរយ។ នេះគឺជាដំណឹងល្អសម្រាប់ប្រជាជនម៉ាឡេស៊ីទាំងអស់»

លោក Ismail Sabri បានគូសបញ្ជាក់ថា «ការចាប់ផ្តើមបើកដំណើរការឡើងវិញ នូវការធ្វើដំណើរ រវាងរដ្ឋនានា គឺជាគន្លឹះក្នុងការជំរុញវិស័យទេសចរណ៍ក្នុងស្រុក ដែលបានជាប់គាំងអស់រយៈពេល ជាច្រើនខែមកហើយ ដោយសារជំងឺ COVID-19។ វាក៏នឹងអនុញ្ញាតឱ្យប្រជាជនម៉ាឡេស៊ី ដែលត្រូវ បានបំបែកចេញពីមនុស្សជាទីស្រលាញ់របស់ពួកគេ នៅក្នុងស្រុកកំណើតរបស់ពួកគេរៀងៗខ្លួន ដើម្បីជួបជុំគ្នាឡើងវិញផងដែរ»

លោក Ismail Sabri បាននិយាយបន្ថែមថា ប្រជាជនម៉ាឡេស៊ី ក៏នឹងមានសេរីភាពក្នុងការធ្វើដំណើរ ទៅក្រៅប្រទេស ដោយមិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរអន្តោប្រវេសន៍ តាមរយៈកម្មវិធី MyTravelPass ឡើយ។

កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីណែនាំប្រជាជនម៉ាឡេស៊ី អំពីការធ្វើដំណើរទៅក្រៅប្រទេស ដោយមូលហេតុមិនចាំបាច់មួយចំនួន ដូចជាការធ្វើដំណើរទេសចរណ៍ជាដើម ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺ COVID-19។ ទោះយ៉ាងណា ប្រជាជនម៉ាឡេស៊ីដែលកំពុងសិក្សានៅក្រៅប្រទេស ឬធ្វើដំណើរដោយមូលហេតុពាណិជ្ជកម្ម នៅតែអាចចេញចូលប្រទេសនេះបាន ដោយដាក់ពាក្យ សុំតាមរយៈកម្មវិធី MyTravelPass៕