(ម៉ានីល)៖ តាមការប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ បានអោយដឹងថា កូនស្រីរបស់លោកប្រធានា ធិបតីហ្វលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ គឺលោកស្រី សារ៉ា ឌូតឺតេ-ខាពីយ៉ូ (Sara Duterte-Carpio ឬគេ និយមហៅថា Sara-Go) នឹងឈរឈ្មោះចូលរួមប្រជែងយកតំណែងជាប្រធានាធិបតី នៅក្នុងការ បោះឆ្នោតនៅឆ្នាំ២០២២ខាងមុខ។
សារព័ត៌មានហ្វីលីពីន ABS-CBN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើបទសម្ភាសន៍ របស់ខ្លួនជាមួយលោក ឌូតឺតេ កាលពីចុងសប្តាហ៍មុននេះ បន្ទាប់ពីលោកប្រកាសចូលនិវត្តន៍ពី នយោបាយ។ នៅក្នុងបទសម្ភាសន៍នោះ ABS-CBN បានសួរលោក ឌូតឺតេ ថា «តើច្បាស់ដែល ថាជាលោកស្រី Sara-Go?» លោក ឌូតើតេ បានឆ្លើយទៅវិញថា «ជាការពិតណាស់គឺ Sara-Go»។ សារព័ត៌មាន ABS-CBN បានបន្ថែមទៀតថា លោក គ្រីស្តូហ្វឺ បុង ហ្គោ (Christopher “Bong” Go) នឹងចាប់ដៃគូជាមួយលោកស្រី Sara-Go ដោយលោកនឹងឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតី។
សូមជម្រាបថា បច្ចុប្បន្ន លោកស្រី Sara-Go ជាអភិបាលទីក្រុង ដាវ៉ៅ (Davao) ដែលជាទីក្រុងធំលំ ដាប់ទី ៣ របស់ហ្វីលីពីន។ តែកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ មានសេចក្ដីរាយការណ៍ថា លោកស្រីបានដាក់ពាក្យប្រជែងយកតំណែងជាអភិបាលក្រុង Davao។ ទោះជាយ៉ាងណា លោកស្រី Sara-Go ផ្ទាល់មិនទាន់ធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍របស់ សារព័ត៌មាន ABS-CBN នៅឡើយទេ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសជាផ្លូវការថា រូបលោកនឹងមិនឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២នោះ ឡើយ ហើយលោកនឹងចូលនិវត្តន៍ពីវិស័យនយោបាយ។ លោក ឌូតឺតេ បានបកស្រាយថា ការ សម្រេចចិត្តរបស់លោកបែបនេះ គឺឆ្លើយតបចំពោះការចង់បានរបស់សាធារណជន។ ពីដំបូងឡើយ គ្រប់គ្នាបានរំពឹងថា លោកប្រធានាធីបតីហ្វីលីពីនជិតផុតអាណត្តិរូបនេះ នឹងឈរឈ្មោះជាអនុ ប្រធានាធិបតី នៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី ដែលត្រូវរៀបចំឡើងនៅឆ្នាំក្រោយ៕