លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រទេសចិន ចំនួន ១,២៥០លានដូស ត្រូវបានផ្តល់ទៅកាន់សកលលោក ជាពិសេសប្រទេស កំពុងអភិវឌ្ឍន៍ ដើម្បីជួយកាត់បន្ថយការរីករាលដាលជំងឺកូវីដ១៩។
ក្នុងសុន្ទរកថាអបអរខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០២១នេះ លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំងដែលបាន ផ្តល់ទៅកាន់សកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ មានចំនួន ១,២៥០លានដូស បានជួយ កាត់បន្ថយការរីករាលដាលនៃវីរុសមួយនេះ និងបានជួយសង្គ្រោះអាយុជីវិតយ៉ាងច្រើន»។
បើតាមលោក វ៉ាង វិនធាន ក្រៅពីបញ្ជូនវ៉ាក់សាំងដែលផលិតបានទៅកាន់ពិភពលោកហើយនោះ ចិនបានសម្រេចនូវការចាក់វ៉ាក់សាំងបង្ការជំងឺដ៏កាចសាហាវមួយនេះ នៅក្នុងប្រទេសរបស់ខ្លួន បានចំនួនសរុប ២,១៧០លានដូស និងមានប្រជាជនចំនួនជាង ១,០០០លាននាក់ បានចាក់វ៉ាក់ សាំង។
លោក វ៉ាង វិនធាន បានបន្ថែមថា ប្រឈមមុខជាមួយជំងឺវីរុសកូវីដ១៩ ដែលផ្ទុះឡើងជាបន្ទាន់នេះ រដ្ឋាភិបាលចិន តែងតែប្រកាន់ខ្ជាប់នូវការយកប្រជាជនជាធំ និងអាយុជីវិតជាចម្បង តែងតែប្រកាន់នូវ អាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវខ្ពស់ ក្នុងការរៀបចំជំរុញកិច្ចទប់ស្កាត់ជំងឺវីរុស និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ដោយឡែកសម្រាប់កម្ពុជា ភាគីចិន បានចាត់បញ្ជូនក្រុមអ្នកជំនាញទប់ស្កាត់ជំងឺវីរុស និងផ្តល់វ៉ាក់ សាំងមកកាន់កម្ពុជាជាអាទិភាព។ កម្មវិធីចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) ត្រូវបាន អនុវត្តស្ទើរតែគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា។ សកម្មភាពដ៏កក់ក្តៅនីមួយៗ ត្រូវបានបង្ហាញយ៉ាង ច្បាស់អំពីអត្ថន័យស្នូល នៃសហគមន៍វាសនារួមរវាងចិន និងកម្ពុជា។
សូមជម្រាបថា ពាក់ព័ន្ធជាមួយវ៉ាក់សាំងកូវីដ១៩នេះ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា មានវ៉ាក់សាំងសរុប ចំនួន ៣៥.៥លានដូស ក្នុងនោះមួយផ្នែកធំជាការបញ្ជាទិញដោយផ្ទាល់របស់ រាជរដ្ឋាភិបាលកម្ពុជា ពីប្រទេសចិន ខណៈមួយផ្នែកទៀត ជាជំនួយរបស់ចិន និងបណ្ដាប្រទេសជា មិត្តផ្សេងទៀត៕