ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កន្លែងកែច្នៃយានយន្តខុសច្បាប់ ត្រូវបានបិទចោលអស់ហើយ


ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យ ដឹងថា កន្លែងកែច្នៃរថយន្តខុសច្បាប់ត្រូវបានបិទចោលអស់ហើយ នៅសល់តែយានដ្ឋានជួសជុល រថយន្តប្រមាណជា ៣០០ប៉ុណ្ណោះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ ក្នុងសន្និសីទព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធាន ការគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ។

គេនៅចាំបានថា កាលពីដើមឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ ចេញបទបញ្ជាដាច់ណាត់ឱ្យលុបបំបាត់រថយន្តកែច្នៃខុសបច្ចេកទេសធ្វើចរាចរណ៍នៅលើដងវិថី។ បន្ទាប់ពីបទបញ្ជានោះ អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងខេត្ត បានរូតរះចាត់វិធានការលើរថយន្ត តទ្រុង ឬរថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស។

ក្រៅតែពីចាត់វិធានការចំពោះរថយន្តដែលកែច្នៃហើយនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ក៏បានចុះបិទទីតាំងកែច្នៃរថយន្តខុសច្បាប់ផងដែរ៕