ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ពលរដ្ឋរងគ្រោះទឹកជំនន់ថា «ពេលពលរដ្ឋមានទុក្ខ សម្តេចតេជោ មិនដែលទុកពលរដ្ឋចោលឡើយ»


 (បន្ទាយមានជ័យ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់ គ្រង គ្រោះមហន្តរាយ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគល់អំណោយស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយជំនន់ ទឹកភ្លៀង ១,១៩៨គ្រួសារ មកពីក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ពិធីចែកអំណោយធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ក៏មានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរង សេនាធិការចម្រុះ ទទួលទិសយោធភូមិភាគទី៤ និងទី៥ ព្រមទាំងបណ្តាកងកម្លាំងចម្រុះផងដែរ។ ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណគុណយ៉ាង ជ្រៀលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលបាន គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយបានផ្តល់អំ ណោយសង្គ្រោះជាស្បៀងអាហារនាពេលនេះ។

នៅចំពោះមុខពលរដ្ឋរងគ្រោះឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ និងចូលរួមសម្តែងការសោកស្តាយរបស់ប្រជា ពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទះសម្បែង និងផលដំណាំជាដើម។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់តាមសរាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។

នៅក្នុងឱកាសនោះឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកបង្ហាញនូវវីរភាពនៃការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន និងការគិតគូរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី បានថ្លែង ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបដែលតែងតែតម្កល់នូវសេចក្តីសុខ និងទុក្ខរបស់ ប្រជាពលរដ្ឋជាចម្បង ហើយតែងគិតគូរខ្វាយខ្វល់ជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាមេដឹកនាំដែលប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវចំពោះជោគវាសនាជាតិ និងប្រជាពលរដ្ឋ។ សម្តេចទាំងទ្វេជាមេដឹកនាំដែលនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ ជាពិសេសពេលពលរដ្ឋមានទុក្ខ គឺលោកមិនដែលទុកចោលឡើយ។ រាល់ពេលពលរដ្ឋមានទុក្ខ គឺមានវត្តមានរបស់លោកទាំងពីរ ជានិច្ច»

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័ ខ្ពស់ចំពោះជំនន់ទឹកភ្លៀងនេះ និងបន្តចូលរួមគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាអនាម័យល្អ រួមជាមួយវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ «៣កុំ និង៣ការពារ» ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតលើពិភពលោក។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនេះ រួមមាន៖ អង្ករ ២០ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ២ដប, ទឹកត្រី ២ដប, ម៉ាស់ពីរដុំ សាប៊ូ ១ដុំ និងទឹក សុទ្ធមួយយួរ៕