(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខមន្រ្តីរាជការ ដែល កំពុងបម្រើការងារនៅទីស្តីការក្រសួង ដើម្បីសម្តែងអំណរគុណ និងការកោតសរសើរចំពោះពួកគាត់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជូនក្រសួង។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានជូនពរមន្ត្រីរាជការក្រសួងទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស ទទួលបាននូវសំណាងល្អ សុខសុវត្ថិភាពរាល់ពេលធ្វើដំណើរ និងជួបប្រទះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនឹងឱកាសឈប់សម្រាកការងារទៅកាន់ស្រុកកំណើត ឯកឧត្តម ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ មន្ត្រីទាំងអស់ ឱ្យប្រកាន់ខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងវិធានសុខាភិបាលនានា ដើម្បី ការពារឆ្លងជំងឺកូវីដ១៩។
សូមជម្រាបថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាថ្នាក់ដឹកនាំក្រសួងមួយរូប ដែលតែងមានទម្លាប់ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តជូនដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនក្នុងឱកាសបុណ្យជាតិផ្សេងៗ ជា ពិសេសបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ៕