(យូអិន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ អោយដឹងថា នៅចំពោះមុខកិច្ចប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ (UNGA) ដែលបានប្រព្រឹត្តទៅនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងថា លោកនឹងធ្វើកិច្ចការងារជាមួយសភា អាមេរិកទាំងពីរ ដើម្បីជំរុញការផ្តល់ជំនួយទ្វេដង ដល់មូលនិធិដោះស្រាយ បញ្ហាបម្រែបម្រួល អាកាសធាតុសកល។
ការផ្តល់ជំនួយទ្វេដង ដែលលោក ចូ បៃដិន បានគូសបញ្ជាក់ខាងលើនេះ នឹងត្រូវផ្តល់ជូនជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៤ តែម្តង នៅក្នុងទឹកប្រាក់ ១១.៤ពាន់លានដុល្លារ អាមេរិកក្នុងមួយឆ្នាំៗ។ ការប្តេជ្ញាចិត្តនេះនឹងជួយឲ្យពិភពលោក ខិតកាន់តែជិតគោលក្នុងការ ប្រមូលបានថវិកា ១០០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ និងងាយរងគ្រោះ ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ។
លោក ចូ បៃដិន បានថ្លែងចំពោះមុខអង្គមហាសន្និបាត UN យ៉ាងដូច្នេះថា «ផ្នែកដ៏ល្អបំផុតនោះគឺ ការធ្វើឲ្យការវិនិយោគប្រកបដោយមហិច្ឆតាទាំងនេះ មិនមែនត្រឹមតែជាគោលនយោបាយ ដោះស្រាយ ការប្រែប្រួលអាកាសធាតុ ដ៏ល្អមួយមុខនោះទេ តែគឺជាឱកាសសម្រាប់ប្រទេសយើងនីមួយៗ ក្នុងការវិនិយោគលើខ្លួនយើង និងអនាគតរបស់យើងផ្ទាល់»៕