(ភ្នំពេញ)៖ តាមសេចក្តីប្រកាសក្រសួងការបរទេស ដែលទទួលបាន បានបញ្ជាក់អោយដឹងថា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានសារលិខិតចូលរួមកិច្ចប្រជុំកំពូល កូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើង វិញ» ដែលកិច្ចប្រជុំនេះនឹងដឹកនាំដោយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធ វីដេអូ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១។
កិច្ចប្រជុំកំពូលនេះ នឹងផ្តោតទៅលើការចាក់វ៉ាក់សាំងពិភព លោក ការសង្រ្គោះជីវិត ការកសាងឱ្យបានប្រសើរឡើងវិញនូវសន្តិសុខសុខភាព និងការធ្វើសកម្ម ភាពដើម្បីវឌ្ឍនភាព និងធ្វើការឯកភាពទៅលើសេចក្តីព្រាងគោលដៅ (draft Targets)។
សុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្តោតជាសំខាន់ទៅលើភាពចាំបាច់ បន្ទាន់ក្នុងការរួមគ្នាបញ្ឈប់ជំងឺកូវីដ-១៩ ក្នុងចេតនាស្មោះត្រង់និងមនុស្សធម៌ ដោយគ្មានរបៀបវារៈ នយោបាយនៅពីក្រោយ ភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ និងផលរំខានទៅលើសកម្មភាពសេដ្ឋកិច្ច-សង្គម និង សារៈសំខាន់ក្នុងការកំណត់នូវរាល់វ៉ាក់សាំងទាំងអស់ដែលទទួល ស្គាល់ដោយ អង្គការសុខភាពពិភពលោក ជាទំនិញយុទ្ធសាស្រ្តសកលដ៏សំខាន់ ដោយគ្មានការរើសអើង៕