រដ្ឋមន្ត្រី ថោង ខុន ស្នើក្រុមហ៊ុន Sky Angkor Airline ជួយសម្រួលជើងហោះហើរពីភ្នំពេញទៅ ព្រះសីហនុ ដើម្បីដឹកជញ្ជូនប្រតិភូអាស៊ានដែលនឹងមកចូលរួម ATF 2022

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ពិចារណាលើការជួយសម្រួលរៀបចំឱ្យជើងហោះហើរត្រង់ពីរាជធានី ភ្នំពេញទៅខេត្តព្រះសីហនុដើម្បីជួយដឹកជញ្ជូនគណៈប្រតិភូអាស៊ានដែលពួកគេនឹងមកចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022)។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅក្រុងព្រះសីហនុ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

សំណើខាងលើនេះត្រូវបានលើកឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួល ជួបពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline នារសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកឧត្តម រដ្ឋមន្ត្រីបានឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ានលើកនេះ គឺធ្វើត្រឹមកម្រិតតូចល្មមដែល អាចគ្របគ្រងបានប៉ុណ្ណោះ ពុំដូចការរៀបចំមុនៗ ដែលមានទំហំធំដល់រាប់ពាន់នាក់នោះទេ ពោល គឺលើកនេះនឹងមានប្រតិភូ ភ្ញៀវទេសចរ ក៏ដូចជាអ្នកចូលរួមសរុបប្រមាណ ៥០០ នាក់ប៉ុណ្ណោះ ក្នុងនោះក៏មានប្រតិភូអន្តរជាតិប្រមាណ ៣៥០ នាក់ផងដែរ ប៉ុន្តែមានកិច្ចការសំខាន់មួយក្នុងការ រៀបចំព្រឹត្តិការណ៍នេះ គឺការសម្រួលដល់មធ្យោបាយធ្វើដំណើររបស់ប្រតិភូអន្តរជាតិ។ ដូច្នេះហើយទើប ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន លើកសំណើទៅកាន់តំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ពិចារណាជួយដល់ការងារដឹកជញ្ជូនគណៈប្រតិភូអាស៊ាន និងប្រតិភូអន្តរជាតិ ដ្បិតការធ្វើដំណើរតាមផ្លូវគោក គឺមិនពិសេសដូចការធ្វើដំណើរតាមផ្លូវអាកាសឡើយ។

ជុំវិញករណីនេះដែរ លោក គូ ថេអូ (Koo Taeoh) អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sky Angkor Airline បានបញ្ជាក់ថា លោកនឹងលើកសំណើនេះទៅកាន់អគ្គនាយកក្រុមហ៊ុន ដើម្បីពិភាក្សាបន្ថែម អំពីលទ្ធភាពនៃការសម្រួលជើងហោះហើរនេះ ខណៈអគ្គនាយកក្រុមហ៊ុនគឺកំពុងឋិតនៅប្រទេស កូរ៉េ។
អ្នកគ្រប់គ្រង គូ ថេអូ បានបញ្ជាក់ជូន ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ទៀតថា ក្រោយពីសម្តេចតេជោ ប្រកាសអំពីបំណងបើកទេសចរណ៍សុវត្ថិភាពឡើងវិញនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ CEO របស់ក្រុមហ៊ុនលោក បានរួសរាន់ត្រឡប់ទៅប្រទេសកូរ៉េភ្លាមផងដែរ ដើម្បីធ្វើការជាមួយក្រុមហ៊ុន ទេសចរណ៍នៅប្រទេសកូរ៉េ ក៏ដូចជាប្រទេសចិន លើការផ្សព្វផ្សាយឱ្យភ្ញៀវទេសចរធ្វើដំណើរមក លេងកម្សាន្តនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ គឺដើម្បីជួយស្តារវិស័យទេសច រណ៍ និងការបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ ប្រកបដោយភាពធន់ និរន្តរភាព និងភាព ទទួលខុសត្រូវនាពេលអនាគត៕