សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះមាន ពលករខ្មែរ ដែលបានធ្វើការនៅក្នុងប្រទេសថៃប្រមាណ ៥២,០០០នាក់ហើយ បានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ ខណៈដែលចំនួនពលករមកពីថៃកំពុងធ្វើចក្តាឡីស័កនៅក្នុង មណ្ឌលតាមព្រំដែន សល់ជាង ៧ពាន់នាក់ប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុង ឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូ វីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មុននេះយើងព្រួយបារម្មណ៍ធំណាស់គឺពលករមកពីប្រទេស ថៃ ប៉ុន្តែដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋបាលកម្ពុជា និងរដ្ឋបាលថៃ ធ្វើឱ្យការវិលត្រឡប់ ដោយមានរបៀបរៀបរយរបស់ពលករយើងនៅក្នុងប្រទេសថៃ បូកជាមួយនឹងវិធានការណ៍ដែល បានប្រកាន់យកនៅក្នុងប្រទេសថៃ តាមព័ត៌មានដែលខ្ញុំទទួលបាន គឺពលករយើងបានចាក់វ៉ាក់សាំង បានប្រមាណ ៥២,០០០នាក់នៅក្នុងប្រទេសថៃ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ តួលេខពលករ នៅក្នុងមណ្ឌលចក្តាឡីស័កតាមព្រំដែនថៃសល់តែជាង ៧ពាន់នាក់ ប៉ុណ្ណោះ ខណៈពីពេលមុនបាន ឡើងដល់ជិត ១៥,០០០នាក់។ សម្តេចបានគូសបញ្ជាក់ថា ពលករដែលមកប្រទេសថៃ ភាគច្រើនគឺ មានឆ្លងជំងឺកូវីដ១៩ ដែលជាប្រភេទ ដែលតា (Delta) ដូចនេះការប្រឹងប្រែងរបស់កម្ពុជា ដើម្បីទប់ ស្កាត់ការនាំចូល និងទប់ស្កាត់ការរីករាលដាល តាមរយៈការធ្វើចក្តាឡីស័ក និងការធ្វើតេស្តរហ័ស គឺអាចធ្វើកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដ១៩នេះបានយ៉ាងល្អប្រសើរ និងអាចកាត់បន្ថយការចម្លង៕