ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ តំណាងកាកបាទក្រហមកម្ពុជា និងជាប្រធានបណ្តាញការងារអេដស៍នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ី លោក វ៉ា សុភ័ក្រ្ត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ដ ក្នុងការបន្ដខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាល និងដៃគូចម្រុះវិស័យ ដើម្បីរួមចំណែកសម្រេចបាននូវទិសដៅនៃផែនទីចង្អុលផ្លូវ ស្តីពីការបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា នៅឆ្នាំ២០២៥ និងបញ្ចប់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន នៅឆ្នាំ២០២៥ផងដែរ។
ក្នុងឋានៈជាប្រធានបណ្តាញការងារអេដស៍នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ី លោក វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យជំងឺអេដស៍ និងជំងឺឆ្លង នៃកាកបាទក្រហមកម្ពុជា បាន ថ្លែងថា ទោះបីមានបញ្ហាប្រឈមបង្កដោយជំងឺកូវីដ-១៩ក៏ដោយ ក៏សមាគមជាតិនៅអាស៊ី នៅតែ បន្តការងារសហប្រតិបត្តិការ និងរក្សាបានការផ្តល់សេវាជួយដល់ពលករចំណាកស្រុក ដែលផ្ទុកមេ រោគអេដស៍ ហើយដែលត្រូវការឱសថប្រឆាំងមេរោគអេដស៍។
បណ្តាញការងារនេះ បានជួយដល់ពលករចំណាកស្រុកទាំងនោះ ឱ្យទទួលបានផងដែរនូវសេ វាថែទាំសុខភាពនៅតាមតំបន់ព្រំដែន នៃប្រទេស កម្ពុជា ឡាវ ថៃ ហើយដែលប្រតិបត្តិការទាំងនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីកាកបាទក្រហមអ៊ីតាលី តាមរយៈសហព័ន្ធអន្តរជាតិ។ ទន្ទឹមនឹងនេះ បណ្តាញការងារអេដស៍នៅអាស៊ី ក៏បានលើកទឹកចិត្តដល់សមាគមជាតិនីមួយៗ ឱ្យចូលរួមយ៉ាង សកម្ម នៅក្នុងការប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ស្របទៅតាមប្រធានបទនៃឆ្នាំ នីមួយៗ។
លោកបានថ្លែងថាបន្ដថា ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ បណ្តាញការងារអេដស៍ បានជំរុញ ឱ្យសមាគមជាតិនីមួយៗ ដាក់បញ្ចូលសកម្មភាពអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ និងការរស់នៅធម្មតា តាមបែបគន្លងថ្មី ទៅក្នុងគ្រប់សកម្មភាពការងារអេដស៍។
ជាក់ស្តែង កាកបាទក្រហមកម្ពុជា បាននិង កំពុងអនុវត្តយ៉ាងសកម្ម នៅក្នុងការអប់រំផ្សព្វផ្សាយ ពីការរស់នៅធម្មតាតាមបែបគន្លងថ្មី តាមរយៈ បណ្តាញក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានបង្កើតឡើងដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយ តបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការ សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងតាមរយៈ សាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត ធ្វើសកម្មភាពអប់រំផ្សព្វផ្សាយស្តីពីអេដស៍ សុខភាពមាតា ទារក និងកុមារ ការរស់នៅធម្មតាតាមគន្លងថ្មី ព្រមទាំងបានជួយសម្រាលទុក្ខលំបាក ផ្នែកជីវភាពដល់គ្រួសារអ្នកផ្ទុកមេរោគអេដស៍រាប់ពាន់គ្រួសារក្នុងមួយឆ្នាំៗ៕