ពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ (PS3) នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់អាជីវកម្ម ម្ចាស់សណ្ឋាគារ ក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ (PS3) សាងសង់លើផ្ទៃដីទំហំ ១,១២ ហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។     
 
ខេត្តព្រះសីហនុ មានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួនពីរកន្លែងរួចហើយ ដែលកន្លងមកបានដាក់ឱ្យដំណើរការជោគជ័យ ដោយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ។


តាមរយៈការសាងសង់អាងប្រព្រឹត្តិកម្មនេះ គឺដើម្បីបញ្ចៀសទឹកកខ្វក់ហូរចូលដោយផ្ទាល់ទៅក្នុងសមុទ្រ និងការពារបរិស្ថាន ធ្វើឱ្យទីក្រុងរបស់យើងស្អាត និងមានភាពបៃតង៕ដោយ រាជ មន្នីដាន