(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA គឺនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូស ជំរុញរួចរាល់ហើយនៅមន្ទីរពេទ្យសិង្ហបុរី ដែល មានរយៈពេលជិត ៨ខែបន្ទាប់ពីការចាក់ដូសទី២។
រដ្ឋាភិបាលសិង្ហបុរី កាលពីដើមខែនេះបានប្រកាសថា ខ្លួននឹងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការ ជំងឺ COVID-19 ដូសទី ៣ ឬដូសជំរុញជូនដល់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយធ្ងន់ធ្ងរ ក៏ដូច ជាអ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងអ្នករស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់។
លោក Lee Hsien Loong អាយុ ៦៩ឆ្នាំ បានបង្ហោះសារនៅលើ គណនីហ្វេសប៊ុករបស់ លោកថា «ករណីឆ្លងជំងឺ COVID-19 កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ នឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។
ដូច្នេះប្រសិនបើអ្នកត្រូវបានគេផ្តល់ការចាក់ជូន សូមទទួលយកវាទៅ។ វានឹងកាត់បន្ថយឱកាសរបស់អ្នកក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ ឬរហូតដល់បាត់បង់ជីវិត»។
លោក Lee Hsien Loong បានទទួលការចាក់វ៉ាក់សាំងដូសទី ២ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) កាលពីចុងខែមករាកន្លងទៅនេះ ដែលរហូត មកទល់ពេលនេះ វាមានរយៈពេលជិត ៨ខែហើយ។
គណៈកម្មាធិការជំនាញស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានណែនាំថា អ្នកដែលមាន អាយុចាប់ពី ៦០ឆ្នាំឡើងទៅគួរតែទទួលការចាក់វ៉ាក់សាំងប្រភេទ mRNA របស់ក្រុមហ៊ុនអាមេរិក Pfizer ប្រហែលចន្លោះពី ៦-៩ខែ បន្ទាប់ពីការចាក់ដូសទី ២។
សូមបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសហសិង្ហបុរី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៧៤,៨៤៨ករណី ក្នុងនោះមានអ្នក ស្លាប់ ៥៩នាក់ និងអ្នកជាសះស្បើយ ៦៩,២៥១នាក់៕