(បាងកកប៉ុស្តិ៍)៖ កោះរមណីយដ្ឋានភូកេតរបស់ថៃ កំពុងខ្វះគ្រែពេទ្យសំរាប់អ្នកជំងឺកូវីដ១៩នៅពេលជំងឺនេះឆ្លងរាលដាលពេញទាំងកោះ នេះបើតាមការបញ្ជាក់ពីមន្ទីរពេទ្យWachira Phuket Hospitalកាលពីថ្ងៃ១៦កញ្ញា។
នាយកមន្ទីរពេទ្យបាននិយាយថា កន្លែងសម្រាកសំរាប់អ្នកជំងឺកូវីដ១៩កំរិតស្រាលនៅតាមមន្ទីរពេទ្យបណ្តោះអាសន្ននិងមណ្ឌលចត្តាឡីស័កពេញអស់៨០ភាគរយហើយ។ក្នុងពេលជាមួយគ្នា កន្លែងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនបានឡើងហួសសមត្ថភាពរបស់វា គឺដល់១១៩ភាគរយនៅពេលឥឡូវ ដោយបង្ខំអោយរើអ្នកជំងឺកូវីដ១៩ទៅកាន់កន្លែងផ្សេង។
ខេត្តដែលទទួលទេសចរបរទេសមុនគេនៅថៃនេះ ឥឡូវមានអ្នកជំងឺកូវីដ១៩ចំនួន៣.៥៤៩កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ៤.៤៣៤នាក់បានជាចេញពីពេទ្យនិង១.១៧៨នាក់ធ្វើចត្តាឡីស័កក្នុងសហគមន៍។
នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលថៃបានប្រកាសអ្នកកើតកូវីដ១៩ថ្មីចំនួន១៤.៥៥៥នាក់និង១៧៧នាក់ទៀតបានស្លាប់នៅ២៤ម៉ោងកន្លងទៅ។ក្នុងចំណោមអ្នកឆ្លងថ្មី ៧៩០នាក់ជាអ្នកទោសក្នុងពន្ធនាគារ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ១មេសាមក ថៃបានជួបការផ្ទុះកូវីដ១៩នៅរលកទី៣ដ៏អាក្រក់បំផុតដោយមនុស្ស១.៤១៩.៩២៩នាក់បានឆ្លង ក្នុងនេះ១.២៧៦.៨២១នាក់បានជានិង១៥.០៣០នាក់បានស្លាប់៕