(ប៉ារីស)៖ រដ្ឋមន្រ្តីសុខាភិបាលបារាំង លោក អូលីវីយេ វ៉ែរ៉ង់ (Olivier Veran) បាននិយាយនៅ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថាបុគ្គលិកសុខាភិបាល រាប់ពាន់នាក់នៅទូទាំងប្រទេស បារាំង ត្រូវបានផ្អាកពីការងារដោយមិនទទួលបានប្រាក់ខែឡើយ ដោយសារតែការខកខានមិនបាន ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មុនថ្ងៃកំណត់នៅសប្តាហ៍នេះ។
លោក Olivier Veran បានគូសបញ្ជាក់ប្រាប់វិទ្យុ RTL ថា «បុគ្គលិកនៅតាមមណ្ឌលសុខភាព និង គ្លីនិកចំនួន ៣,០០០នាក់ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ត្រូវបានជូនដំណឹងកាលពីម្សិល មិញថា ត្រូវបានផ្អាកពីការងារ ដោយមិនទទួលបានប្រាក់ខែឡើយ»។
លោក Olivier Veran បានគូសបញ្ជាក់ប្រាប់បន្ថែមថា «បុគ្គលិករាប់សិបនាក់» បានលាឈប់ ពីការងាររបស់ពួកគេជាជាងចុះឈ្មោះទទួលការចាក់វ៉ាក់សាំង។ ជាពិសេស គឺគិលានុបដ្ឋយិកាជាច្រើន ដែលមានការស្ទាក់ស្ទើរក្នុងការទទួលការចាក់វ៉ាក់សាំង ដោយលើកឡើងពីកង្វល់សុវត្ថិភាព ឬ ប្រសិទ្ធភាព ដែលបណ្ដាលឱ្យយុទ្ធនាការ ចាក់វ៉ាក់សាំងរបស់ប្រទេសបារាំង ស្ថិតនៅក្នុងសភាពជាប់ គាំង»៕